ព័ត៌មានអន្តរជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ទីរសាធារណការ បន្តពង្រឹងការស្ថាបនា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយកត្តាការប្រើប្រាស់ផ្លូវ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីនៃមន្ទីរសាធារណការ បន្តពង្រឹងការស្ថាបនា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយកត្តាការប្រើប្រាស់ផ្លូវថ្នល់ ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះក្នុងកម្មវិធីប្រជុំបូកសរុបការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នារសៀលថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២។

លោក អ៊ុន ចាន់ដា បានវាយតម្លៃខ្ពស់លើលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នាឆ្នាំ២០២១ កន្លងមក ។ ប៉ុន្តែទន្ទឹមនឹងនោះ ជាគោលដៅបន្តក្នុងឆ្នាំ ២០២២ លោកអភិបាលខេត្ត បានជំរុញឲ្យបន្តពង្រឹងការងារស្ថាបនា ស្តារ ជួសជុល ពង្រីក និងថែទាំប្រចាំ ផ្លូវ ស្ពាន លូ ប្រកបដោយគុណភាព សំណង់ សោភណ្ឌភាពសំណង់ និងសុវត្ថិភាពសំណង់ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ ដែលបង្កដោយកត្តាអ្នកប្រើប្រាស់ផ្លូវ និងកត្តាផ្លូវថ្នល់ ។

លោកអភិបាលខេត្តបានបន្តថា មន្ត្រីជំនាញត្រូវបន្តការងារជួសជុល ឬអ៊ុតឡើងវិញ ឬដាក់ថ្មី នូវបរិក្ខាចរាចរណ៍ដូចជា គំនូសសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ បង្គោលសុវត្ថិភាព និងបង្គោលគីឡូម៉ែត្រ កែប្រែផ្លូវក្រាលកម្រាលដីគ្រប់ប្រភេទ ឲ្យទៅជាផ្លូវក្រាលកម្រាលកៅស៊ូគ្រប់ប្រភេទ ឬផ្លូវក្រាល កម្រាលបេតុងសរសៃដែក ពង្រីកទទឹងផ្លូវ និងស្ពាន ទៅតាមស្តង់ដាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើបណ្តាញផ្លូវ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ។

ម្យ៉ាងទៀត សម្រាប់ឆ្នាំ ២០២២ ត្រូវចាត់វិធានការចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទ (ដឹកដី ខ្សាច់ អុស ថ្ម ក្រួស) គ្មានសណ្តាប់ធ្នាប់ ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពផ្លូវ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងត្រូវទប់ស្កាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ដែលបើកវាងទៅផ្លូវជាតិលេខ៦០ ផ្លូវជាតិ លេខ៧០ និងផ្លូវខេត្តលេខ២៧០ ។ ចំពោះខ្សែផ្លូវជាតិ/ខេត្តបច្ចុប្បន្ន មានតម្រូវការប្រព័ន្ធរំដោះទឹកភ្លៀងចេញពីទ្រូងផ្លូវ ជាចាំបាច់ ដូច្នេះសូមអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដី ជួយផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់់ និងចូលរួមសហការណ៍ ការពារ និងសូមអាជ្ញាធរដែនដីផ្ទាល់អន្តរាគមន៍ និងការពារបរិក្ខាចរាចរណ៍៕

To Top