ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ប្តេជ្ញាថា នឹងប្រើពេលវេលាដ៏ខ្លី ក្នុងការស្តារចំណងការទូត ជាមួយកូរ៉េខាងជើង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង បានប្ដេជ្ញានៅថ្ងៃចន្ទ ទី០៣ ខែមករា ថានឹងប្រើប្រាស់រយៈពេលប៉ុន្មាន ខែចុងក្រោយរបស់គាត់ក្នុងតំណែង ដើម្បីជំរុញឱ្យមានដំណោះស្រាយ ការទូតជាមួយកូរ៉េខាងជើង ទោះបីជាមានភាពស្ងៀមស្ងាត់ ជាសាធារណៈពីទីក្រុងព្យុងយ៉ាង ជុំវិញការប៉ុនប៉ងរបស់គាត់ សម្រាប់ការប្រកាសសន្តិភាព រវាងភាគីទាំង២ក៏ដោយ ។ .

លោក Moon បានថ្លែងនៅក្នុងសុន្ទរកថា ឆ្នាំថ្មីចុងក្រោយរបស់គាត់ថា “រដ្ឋាភិបាលនឹងបន្តការធ្វើឱ្យមាន ប្រក្រតីភាពនៃទំនាក់ទំនងអន្តរកូរ៉េ និងផ្លូវដែលមិនអាចត្រឡប់វិញ ទៅកាន់សន្តិភាពរហូតដល់ទីបញ្ចប់” ។ “ខ្ញុំសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងសម្រាប់ ការសន្ទនានឹងបន្ត នៅក្នុងរដ្ឋបាលបន្ទាប់ផងដែរ” ។

នៅក្នុងសុន្ទរកថា ផ្ទាល់របស់គាត់នៅថ្ងៃចូលឆ្នាំសកល មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានលើកឡើងអំពី ការអំពាវនាវរបស់លោក Moon សម្រាប់ការប្រកាសជាផ្លូវការនៃ ការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ ឬអំពីការជាប់គាំងកិច្ចពិភាក្សាស្តីពី ការរំសាយអាវុធនុយក្លេអ៊ែរជាមួយ សហរដ្ឋអាមេរិកនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top