បរទេស៖ ប្រទេសមាន អាវុធនុយក្លេអ៊ែ គឺសហរដ្ឋអាមេរិក អង់គ្លេស ចិន បារាំងនិងរុស្ស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាបញ្ចៀសសង្គ្រាមនុយក្លេអ៊ែ និងទប់ស្កាត់មិនឲ្យរីកសាយភាយ នៃអាវុធប្រភេទនេះ និងការប្រកួតប្រជែង អាវុធគ្នា។
សមាជិកអចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ទាំង៥នេះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដ៏កម្រនៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយនិយាយថា ពួកគេធ្វើការបញ្ជាក់ថា សង្គ្រាមនុយក្លេអ៊ែ មិនអាចឈ្នះបាន និងត្រូវតែមិនត្រូវបានយក មកប្រយុទ្ធគ្នាឡើយ។
សេចក្តីថ្លែងការណ័៍រួមគ្នានោះនិយាយថា ប្រទេសទាំង៥នេះបានបញ្ជាក់ថា អាវុធនុយក្លេអ៊ែ គួរតែជារបស់ការពារនិងទប់ស្កាត់ ការឈ្លានពាននិងសង្គ្រាម និងថា មហាអំណាចជឿជាក់់យ៉ាងមុតមាំថា ការរីករាលដានៃអាវុធ ប្រភេទនេះ ត្រូវតែធ្វើការទប់ស្កាត់។
តាមសេចក្តីរាយការណ៍ សមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខនោះ បាននិយាយដូច្នេះថា “យើងគូសបង្ហាញពីបំណងប្រាថ្នារបស់យើង ធ្វើការងារជាមួយ គ្រប់ប្រទេសទាំងអស់ ដើម្បីធ្វើឲ្យបរិយាកាសសន្តិសុខ កាន់តែមានភាពអំណោយផល ដល់វឌ្ឍនភាពលើការរំសាយអាវុធ ជាមួយនឹងគោលដៅចុងក្រោយ របស់ពិភពលោក គ្មានអាវុធនុយក្លេអ៊ែ មានសន្តិសុខមិនថយចុះសម្រាប់ ទាំងអស់គ្នា”៕
ប្រែសម្រួល៖ប៉ាង កុង
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									