ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ជំរុញ ឱ្យក្រសួង ចាត់វិធានការ រឿងសាច់ជ្រូកឡើងថ្លៃ

បរទេស៖ ទាំងអ្នកប្រើប្រាស់ និងអ្នកលក់ កំពុងប្រឈមមុខនឹងការកើនឡើងនៃតម្លៃសាច់ជ្រូក ដែលកើតឡើងពីកត្តាជាច្រើនរួមទាំងការពិតដែលថាជាងពាក់កណ្តាលនៃកសិកររបស់ប្រទេសថៃ បានបោះបង់ចោលកសិដ្ឋានចិញ្ចឹមជ្រូករបស់ពួកគេរួចហើយដោយសារតែតម្លៃផលិតកម្មខ្ពស់ពេក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា ជាលទ្ធផល លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha កាលពីថ្ងៃអង្គារ បានណែនាំក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម និងសហករណ៍ ឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រួលបញ្ហាតម្លៃពីកសិដ្ឋានមួយរហូតដល់លើតុ ដោយមិនជ្រៀតជ្រែកក្នុងសក្ដានុពលទីផ្សារ។

ដោយបានកើនឡើងតម្លៃជិតពីរសប្តាហ៍ជាប់ៗគ្នា តម្លៃសាច់ជ្រូកកាលពីថ្ងៃអង្គារបានស្ថិតនៅចន្លោះពី 210 បាតទៅ 230 បាតក្នុងមួយគីឡូក្រាម កើនឡើងពីប្រហែល 150 បាតក្នុងមួយគីឡូក្រាម មុនពេលចាប់ផ្តើមកើនឡើង។

លោក Thanakorn បាននិយាយថា តម្លៃចំណីសត្វ និងថ្នាំឡើងថ្លៃ ដែលត្រូវការ នៅក្នុងការផ្ទុះជំងឺជ្រូកពីមុន គឺជាហេតុផលចម្បងដែលកសិករចិញ្ចឹមជ្រូកភាគច្រើនសម្រេចចិត្តឈប់ចិញ្ចឹម៕ប្រែសម្រួលៈ ណៃ តុលា

To Top