ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទទួលជោគជ័យ សាកល្បងមីស៊ីល លឿនជាងសំឡេង

ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការ បានរាយការណ៍ឲ្យដឹង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង បានបាញ់សាកល្បង ដោយជោគជ័យនូវប្រភេទ មីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

របាយការណ៍ បានឲ្យដឹងថា កាំជ្រួចដែលបាញ់ដោយបណ្ឌិតសភាវិទ្យាសាស្ត្រ ការពារជាតិ កាលពីថ្ងៃពុធ បានហោះបានចម្ងាយ ១២០គីឡូម៉ែត្រ ហើយបាញ់ចំគោលដៅចំងាយ ៧០០គីឡូម៉ែត្រ ដែលបង្ហាញពីភាពជឿជាក់ នៃប្រព័ន្ធឥន្ធនៈថ្មី របស់ប្រទេសនេះ។

នេះជាការបាញ់សាកល្បង មីស៊ីល លឿន ជាងសំឡេង លើកទី២ ដែលកូរ៉េ ខាងជើង អះអាង បន្ទាប់ ពី ប្រទេស នេះ បាន បាញ់ សាកល្បង Hwasong-8 កាលពី ខែកញ្ញា ។ ប្រភពបានបន្ថែមថា “ជោគជ័យជាបន្តបន្ទាប់ក្នុង ការបាញ់សាកល្បង” នៅក្នុងវិស័យមីស៊ីលលឿន ជាងសំឡេង “មានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ដែលពួកគេបានពន្លឿន កិច្ចការមួយ សម្រាប់ទំនើបកម្មកម្លាំង ប្រដាប់អាវុធយុទ្ធសាស្ត្ររបស់រដ្ឋ”។

របាយការណ៍បានឲ្យដឹងថា ភាពជឿជាក់ នៃប្រព័ន្ធឥន្ធនៈក្រោមលក្ខខណ្ឌ អាកាសធាតុរដូវរងា ក៏ត្រូវបានផ្ទៀងផ្ទាត់ផងដែរ៕

To Top