ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធថា មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក នៅក្រៅប្រទេសកំពុងរួមចំណែក ដល់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រជាជនក្នុងស្រុក ហើយសហរដ្ឋអាមេរិក គួរតែឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅ លើផលប៉ះពាល់អវិជ្ជមាន ដែលសកម្មភាពរបស់ខ្លួន មានលើកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹង ជំងឺរាតត្បាតសកល ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាន ធ្វើការកត់ សម្គាល់ នៅក្នុងសន្និសីទ ព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបនឹង សំណួរ ដោយថា អាមេរិក គួរគ្រប់គ្រងការរាលដាល ជំងឺកូវីដ-១៩ លើមូលដ្ឋានយោធា របស់ខ្លួននៅក្រៅប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
យោងតាមរបាយការណ៍ លោក Denny Tamaki អភិបាលខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន បានឲ្យដឹងថា យោធាអាមេរិក បានចម្លងទម្រង់់ឆ្លងអូមីក្រុង ទៅកាន់ខេត្ត ហើយថាលោកមានការខឹងសម្បារ ចំពោះការឆ្លងក្នុងចំណោមបុគ្គលិក នៅក្នុងជំរុំយោធាអាមេរិក ដែលហក់ឡើងដល់ប្រជាជន ស៊ីវិលក្នុងតំបន់ ។ លោកក៏បានបន្តការអំពាវនាវ ឱ្យមានការលើកលែងលើបុគ្គលិកយោធាអាមេរិក ទៅនឹងច្បាប់ដាក់ឱ្យនៅដាច់ ពីគេរបស់ប្រទេសជប៉ុនផងដែរ។
លោក Wang បានលើកឡើងថា នេះមិនមែនជាឧបទ្ទវហេតុ ដាច់ស្រយាលនោះទេ ដោយសារតែករណីជាច្រើន នៅក្នុងមូលដ្ឋានយោធា សហរដ្ឋអាមេរិក នៅក្រៅប្រទេសបានបង្កការ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិត និងសុខភាព របស់ប្រជាជនក្នុងតំបន់ ។
លោក Wang បានកត់សម្គាល់ថា “ការរីករាលដាល នៃការឆ្លងក៏ត្រូវបានបង្កឡើង ដោយបុគ្គលិកយោធាអាមេរិក នៅកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ផងដែរ” ។
លោកបានបន្ដថា ទាហានអាមេរិក ដែលឈរជើង នៅក្រៅប្រទេស បានបំពានច្បាប់នៃប្រទេសម្ចាស់ផ្ទះ ផ្គើន និងមិនគោរពពិធីសារប្រឆាំង ការរាតត្បាតក្នុងតំបន់ និងមិនអើពើសិទ្ធិរស់នៅ និងសុខភាពរបស់ប្រជាជន ក្នុងតំបន់ ក៏ដូចជាសិទ្ធិទទួលបានសុខភាព សាធារណៈ។ ម្តងហើយម្តងទៀត ពួកគេបានក្លាយជា “អ្នករីករាលដាល” នៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ៕ដោយ ឈូក បូរ៉ា