ព័ត៌មានអន្តរជាតិ

ប្រធានគោលនយោបាយ ការបទេសអឺរ៉ុប បញ្ជាក់ពីការគាំទ្រ អ៊ុយក្រែន

ព្រុចសែល៖ ដំណើរទស្សនកិច្ច ដោយតំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប (EU) សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell បានរំលឹកឡើងវិញនូវការគាំទ្រ របស់ប្លុក សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ Luhansk ដែលរងគ្រោះ ដោយជម្លោះអ៊ុយក្រែន។

លោក Borrell បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដែលផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់សហភាពអឺរ៉ុប ក្នុងប្រទេសអ៊ុយក្រែនថា “យើងនៅទីនេះជាលើកដំបូង ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្រពេញលេញរបស់សហភាពអឺរ៉ុប ចំពោះឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន” ។

លោក Borrell បានលើកឡើងថា អឺរ៉ុប បានផ្តល់ការគាំទ្រផ្នែកនយោបាយ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសម្រាប់ទីក្រុងគៀវ ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងសមាគមរបស់សហភាពអឺរ៉ុប ជាមួយអ៊ុយក្រែន គឺជា “កិច្ចព្រមព្រៀងដ៏ទូលំទូលាយបំផុត ដែលសហភាពអឺរ៉ុប មានជាមួយប្រទេសទី៣ ផ្សេងទៀតនៅក្នុងពិភពលោក” ។

មន្ត្រីរូបនេះបានបន្ដថា ចាប់តាំងពីឆ្នាំ២០១៤ មក សហភាពអឺរ៉ុបបានផ្តល់ជំនួយដល់អ៊ុយក្រែនជាង ១៧ពាន់លានអឺរ៉ូ (ប្រហែល ១៩,២៧ពាន់លានដុល្លារអាមេរិក) ជាជំនួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្លែងអំពីស្ថានភាពសន្តិសុខនៅតាមបណ្តោយព្រំដែនអ៊ុយក្រែន លោក Borrell បានលើកឡើងថា អឺរ៉ុបចាប់អារម្មណ៍ក្នុងការបន្ធូរបន្ថយភាពតានតឹងតាមរយៈការចរចា និងតាមរយៈជំហររឹងមាំលើការគាំទ្រអ៊ុយក្រែន។

លោក Borrell បានទៅដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ សម្រាប់ដំណើរទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃ ដែលជាដំណើរកម្សាន្តក្រៅប្រទេសលើកដំបូងរបស់លោកក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសមាគមដ៏ទូលំទូលាយរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប ដែលរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រធានបទច្បាប់ និងបទប្បញ្ញត្តិយ៉ាងទូលំទូលាយបានចូលជាធរមានក្នុងឆ្នាំ២០១៧៕

ដោយ ឈូក បូរ៉ា

To Top