បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសបារាំង លោក Jean-Yves Le Drian តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ភាពរីកចម្រើនទៅមុខ ទើបត្រូវបានបង្កើតឲ្យមានឡើង ចំពោះកិច្ចពិភាក្សា នុយក្លេអ៊ែ អ៊ីរ៉ង់ ប៉ុន្តែពេលវេលា កំពុងតែអស់បណ្ដើរៗ។
លោក Jean-Yves Le Drian បាននិយាយប្រាប់ទូរទស្សន៍ BFM TV និងវិទ្យុ RMC Radio យ៉ាងដូច្នេះថា “ខ្ញុំនៅតែមានជំនឿចិត្តថា យើងអាចសម្រេចបានកិច្ចព្រមព្រៀងមួយ។ មានដំណើររីកចម្រើនតិចតួច ទើបត្រូវបានបង្កើតឡើង នៅក្នុងពេលពីរបី ថ្ងៃចុងក្រោយនេះ”។
លោកបានបន្តទៀតថា “យើងកំពុងតែបោះជំហានឆ្ពោះទៅមុខក្នុងទិសដៅវិជ្ជមាន ក្នុងពេលពីរបីថ្ងៃចុងក្រោយ ប៉ុន្តែពេលវេលាកំពុងតែអស់ ព្រោះថា ប្រសិនបើយើងមិនសម្រេចបានកិច្ចព្រមព្រៀងគ្នាឲ្យបានឆាប់ទេនោះ នឹងគ្មានអ្វីត្រូវចរចាគ្នាទៀតនោះទេ”។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កិច្ចពិភាក្សាគ្នាដោយប្រយោល រវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក លើការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែ ២០១៥របស់អ៊ីរ៉ង់ បានបន្តកាលពីថ្ងៃចន្ទ៕
ប្រែសម្រួល៖ប៉ាង កុង