តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសនេះបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចពិភាក្សាទ្វេភាគី ជាមួយប្រទេសពាក់ព័ន្ធនីមួយៗ លើបញ្ហាទាក់ទង នឹងការធ្លាក់យន្តហោះ ដឹកអ្នកដំណើរអ៊ុយក្រែន នៅជិតទីក្រុងតេអេរ៉ង់ ក្នុងឆ្នាំ២០២០ ។
ដោយសម្តែងការរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ការត្រៀមខ្លួនរបស់អ៊ីរ៉ង់កើតឡើង បើទោះបីជា “វិធានការខុសច្បាប់ដោយរដ្ឋមួយចំនួន ដែលស្វែងរកផលប្រយោជន៍នយោបាយ” ដោយការកេងប្រវ័ញ្ចឧបទ្ទវហេតុ និងទុក្ខសោករបស់គ្រួសារជនរងគ្រោះ នេះបើយោងតាមគេហទំព័ររបស់ក្រសួង។
ប្រភពបានបន្ថែមថា កិច្ចពិភាក្សាណាមួយគួរតែផ្អែកលើសុច្ឆន្ទៈ ការគោរពអធិបតេយ្យភាពរបស់ប្រទេស ច្បាប់ក្នុងស្រុក និងកាតព្វកិច្ចអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេសអ៊ីរ៉ង់ បានកត់សម្គាល់ថា បន្ទាប់ពីព្រឹត្តិការណ៍សោកនាដកម្មនេះ អង្គការពាក់ព័ន្ធទាំងអស់របស់ប្រទេសនេះ បានប្រកាសពីមូលហេតុចម្បងនៃឧបទ្ទវហេតុនេះ ហើយបានបំពេញទំនួលខុសត្រូវរបស់ពួកគេតាមច្បាប់ក្នុងស្រុក និងការប្តេជ្ញាចិត្តអន្តរជាតិ “យ៉ាងច្បាស់លាស់ តម្លាភាព និងឆាប់រហ័ស”។
សេចក្តីប្រកាសនេះបានធ្វើឡើងជាប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃព្រហស្បតិ៍ ស្តីពីសំណងដែលធ្វើឡើងដោយប្រទេសកាណាដា អង់គ្លេស ស៊ុយអែត និងអ៊ុយក្រែន ដែលពលរដ្ឋរបស់ពួកគេត្រូវបានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។
ប្រទេសទាំង៤ បានឲ្យដឹងថា ពួកគេបានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែង ដើម្បីពិភាក្សាជាមួយទីក្រុងតេអេរ៉ង់ អំពីសំណងសម្រាប់យន្តហោះដែលបានធ្លាក់ ហើយនឹងព្យាយាមដោះស្រាយបញ្ហានេះតាមច្បាប់អន្តរជាតិ។
ជើងហោះហើរដឹកអ្នកដំណើរអ៊ុយក្រែន ត្រូវបានទម្លាក់កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ ដោយកាំជ្រួចរបស់អ៊ីរ៉ង់ភ្លាមៗបន្ទាប់ពីបាញ់ចេញពីទីក្រុងតេអេរ៉ង់ ដោយបានសម្លាប់មនុស្សទាំង ១៧៦ នាក់នៅលើយន្តហោះ។ ក្នុងនោះរដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន “បានបាញ់ទម្លាក់យន្តហោះដោយចៃដន្យ”៕
ដោយ ឈូក បូរ៉ា