ប៉េកាំង ៖ ក្រសួងការបរទេសចិន បានជំរុញឱ្យប្រទេសពាក់ព័ន្ធ ជាអ្នករួមចំណែកដល់សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍ក្នុងតំបន់ ជំនួសឱ្យការក្លាយ ជាអ្នកបង្កើតបញ្ហា ដែលផ្សព្វផ្សាយភូតកុហក និងបង្កើតឧបសគ្គ ។
អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស និង ការពារជាតិ របស់សហរដ្ឋអាមេរិក និងជប៉ុន បានជួបប្រជុំគ្នា ហើយបានប្តេជ្ញាថា នឹងធ្វើការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលហៅថា “សកម្មភាពអស្ថិរភាព” ដោយប្រទេសចិន ។
ឆ្លើយតបទៅនឹងកិច្ចប្រជុំនិម្មិត “ពីរបូកពីរ” ក៏ដូចជាកិច្ចពិភាក្សារវាងជប៉ុន និងអូស្ត្រាលី លោក Wang បានលើកឡើងថា ប្រទេសចិន បានសម្តែងការមិន ពេញចិត្តយ៉ាងខ្លាំងចំពោះ និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការជ្រៀតជ្រែក សរុបរបស់សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងការប្រឌិតព័ត៌មានមិនពិត ដើម្បីបង្ខូចកិត្តិយសប្រទេសចិន ហើយ បានដាក់តំណាងយ៉ាងឱឡារិក ជាមួយ ប្រទេស ពាក់ព័ន្ធ។
អ្នកនាំពាក្យ រូបនេះ បានបន្ដថា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីបូព៌ា និងតំបន់អាស៊ីប៉ាស៊ីហ្វិក ទាមទារ ឱ្យមានការ ប្រកាន់ខ្ជាប់ នូវពហុភាគី និយមពិតប្រាកដ គោរពក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ តំបន់បើកចំហ និងរួមបញ្ចូល ដែលបានបង្កើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំ និងប្រកាន់យកផ្លូវ នៃសាមគ្គីភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។
សហរដ្ឋអាមេរិក ជប៉ុន និង អូស្ត្រាលី បានលើកឡើងអំពីសេរីភាព ភាពបើកចំហ និងបរិយាប័ន្ន ខណៈដែលការពិតពួកគេ កំពុងបង្កើតក្រុមប្រឆាំងនឹង ប្រទេសដទៃទៀត ដោយបង្វែរសាច់ដុំរបស់ពួកគេ និងធ្វើឱ្យមានការគំរាមកំហែង ផ្នែកយោធា ដែលប្រឆាំងនឹងនិន្នាការសន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងផ្ទុយ នឹងការអះអាងរបស់ពួកគេចំពោះការប្រឆាំង នឹងការបំភិតបំភ័យ និងការបង្ខិតបង្ខំ ។
លោក Wang បានបន្ថែមថា អ្វីដែលប្រទេសទាំងនោះ គួរតែធ្វើបំផុតនៅពេលនេះ គឺការបំពេញទំនួលខុសត្រូវ អន្តរជាតិរបស់ពួកគេ ដោយស្មោះអស់ពីចិត្ត ដោយជំរុញឱ្យពួកគេបញ្ឈប់កម្មវិធីកិច្ច សហប្រតិបត្តិការ នាវាមុជទឹកនុយក្លេអ៊ែរ អាមេរិក-អង់គ្លេស និងអូស្ត្រាលី និងបញ្ឈប់ការជំរុញ ការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ នុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក៕
ដោយ ឈូក បូរ៉ា