បរទេស៖ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ មានប្រតិកម្មខឹងជាខ្លាំង ចំពោះការថ្លែង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលថា ប្រទេសកាហ្សាក់ស្ថាន អាចនឹងមានពេលវេលាដ៏លំបាក ក្នុងការបំបាត់កងទ័ពរុស្ស៊ី និងបាននិយាយថា លោក Antony Blinken គួរតែធ្វើការឆ្លុះបញ្ចាំង លើការជ្រៀតជ្រែកយោធាអាមេរិកនៅជុំវិញពិភពលោក ជំនួសវិញ។
តាមសេចក្តីរាយការណ៍ លោក Antony Blinken កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានជំទាស់នឹងយុត្តិកម្មរបស់រុស្ស៊ី សម្រាប់ការបញ្ជូនកងកម្លាំងចូល ទៅក្នុងប្រទេសកហ្សាក់ស្ថាន ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី មានភាពចលាចល ប្រកបដោយហិង្សា នៅក្នុងប្រទេសអាស៊ីកណ្ដាលនោះ។
លោក Antony Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា “មេរៀនមួយនៃប្រវត្តិសាស្ត្រថ្មីៗនេះ គឺថា នៅពេលដែលរុស្ស៊ីស្ថិតនៅក្នុងផ្ទះរបស់អ្នក ជួនកាលវាពិបាកខ្លាំងណាស់ ដើម្បីធ្វើឲ្យពួកគេចាកចេញវិញ”។
ក្រសួងការបរទេសរុស្ស៊ី បានហៅការថ្លែង របស់លោករដ្ឋមន្ត្រីការបរទេស អាមេរិកនេះ ថាជាការវាយប្រហារជាចម្បង និងបានចោទលោកពីបទលេងសើច ចំពោះព្រឹត្តិការណ៍យុទ្ធសាស្ត្រនៅក្នុងប្រទេសកាហ្សាក់ស្ថាន និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គួរតែវិភាគកំណត់ត្រា តាមដានរបស់ខ្លួនផ្ទាល់ ចំពោះការជ្រៀតជ្រែក ក្នុងប្រទេសនានា ដូចជាវៀតណាមនិងអ៊ីរ៉ាក់ជាដើម៕
ប្រែសម្រួល៖ប៉ាង កុង