បរទេស ៖ ក្រោយមានការតវ៉ា ដោយហិង្សាក្នុងប្រទេសកាហ្សាក់ស្ថាន រដ្ឋមន្ត្រី ការបរទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិន មានបំណងចង់បង្កើន សហប្រតិបត្តិការលើការ អនុវត្តច្បាប់និងសន្តិសុខ ជាមួយប្រទេសកាហ្សាក់ស្ថាន និងជួយប្រឆាំង នឹងការជ្រៀតជ្រែក ពីកម្លាំងខាងក្រៅ ។
ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋផងនោះ បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាហ្សាក់ស្ថាន គឺលោក Mukhtar Tileuberdi។
ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក វ៉ាង យី ដែលនិយាយប្រាប់ដល់លោក Tileuberdi យ៉ាងដូច្នេះថា “ភាពចលាចលថ្មីៗនេះ ក្នុងប្រទេសកាហ្សាក់ស្ថានបង្ហាញថា ស្ថានភាពនៅក្នុងប្រទេសអាស៊ីកណ្ដាលនេះ នៅតែកំពុងប្រឈមមុខ នឹងភាពលំបាក ហើយវាជាថ្មីម្តងទៀតបញ្ជាក់ថា កម្លាំងពីខាងក្រៅខ្លះៗ មិនចង់ឲ្យមានសន្តិភាពនិងភាពស្ងប់ស្ងាត់ នៅក្នុងតំបន់របស់យើងនោះទេ” ។
អ្នកជំនាញនិយាយថា ប្រទេសចិនមានក្តីព្រួយបារម្ភថា អស្ថិរភាពនៅក្នុងប្រទេសជិតខាងរបស់ខ្លួននេះ អាចនឹងបង្កការគម្រាមដល់ការនាំ ចូលថាមពលនិងគម្រោងផ្លូវក្រវ៉ាន់នៅទីនោះ ព្រមទាំងសន្តិសុខនៅក្នុងតំបន់ ស៊ីនជាំងភាគខាងលិចរបស់ខ្លួន ដែលមានព្រំដែនលាតសន្ធឹងប្រវែង ១.៧៧០គីឡូម៉ែត្រ ជាប់ប្រទេសកាហ្សាក់ស្ថាន ៕ ប្រែសម្រួល៖ប៉ាង កុង