ព័ត៌មានអន្តរជាតិ

លោក ពូទីន ៖ អង្គការសម្ពន្ធមិត្ត ដឹកនាំដោយរុស្ស៊ី នឹងរារាំងការធ្វើ រដ្ឋប្រហារណាមួយ

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍ថា ភាពចលាចលនៅក្នុងប្រទេសកាហ្សាក់ស្ថាន ត្រូវបានកេងប្រយោជន៍ដោយកម្លាំងបង្កការវិនាសទាំងខាងក្នុងនិងខាងក្រៅ និងថា សម្ពន្ធមិត្តយោធា CSTOដឹកនាំដោយរុស្ស៊ី នឹងមិនអនុញ្ញាត ឲ្យកម្លាំងដទៃបង្កអស្ថិរភាពនោះទេ ។

តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានថ្លែងប្រាប់ថា ការបញ្ជូនកងទ័ពសម្ពន្ធមិត្តយោធា CSTO ទៅនោះ បានរារាំងទប់ស្កាត់ក្រុមប្រដាប់អាវុធ មិនឲ្យធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានគ្រឹះអំណាច នៅក្នុងប្រទេសកាហ្សាក់ស្ថាន និងថា និងថា ពួកគេនឹងត្រូវដកចេញមកវិញ នៅពេលដែលបេសកកម្មបានចប់ទាំងស្រុង ។

លោកបន្តថា ព្រឹត្តិការណ៍នេះ មិនមែនជាលើកដំបូងនោះទេ និងមិនមែនជាការប៉ុនប៉ងចុងក្រោយ ក្នុងការជ្រៀតជ្រែកនៅក្នុងតំបន់ដែរ ហើយសម្ពន្ធមិត្តយោធា CSTO នឹងមិនអនុញ្ញាតឲ្យបដិវត្តន៍ពណ៌កើតមាននោះទេ ដែលនេះគឺសំដៅដល់បដិវត្តន៍មួយចំនួន នៅក្នុងបណ្ដាប្រទេសអតីតសហភាពសូវៀត ក្នុងរយៈពេល២ទសវត្សកន្លងទៅ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top