ព័ត៌មានអន្តរជាតិ

ធ្លាក់យន្ដហោះចម្បាំង មួយគ្រឿង នៅកូរ៉េខាងត្បូង

សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានឲ្យដឹង នៅថ្ងៃអង្គារនេះថា យន្តហោះចម្បាំងមួយគ្រឿង បានធ្លាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយមិនទាន់មានសេចក្តី រាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

យន្តហោះចម្បាំង F-5E នៃកងយន្តហោះចម្បាំងទី១០ នៃកងទ័ពអាកាសកូរ៉េខាងត្បូង បានធ្លាក់នៅភ្នំមួយក្នុងទីក្រុង Hwaseong ចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ភាគខាងត្បូង ទីក្រុងសេអ៊ូល នៅម៉ោងប្រហែល ១ និង៤៤នាទីរសៀលនេះ ម៉ោងក្នុងស្រុក (0444 GMT) ។

បន្ទាប់​ពី​ហោះ​ឡើង​ជា​ធម្មតា យន្តហោះ​ចម្បាំង ​បាន​ធ្លាក់​ខណៈ​ពេល​ឡើង​កម្ពស់។ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ​ទេ។

មានតែអ្នកបើកយន្តហោះម្នាក់ប៉ុណ្ណោះ ដែលជិះលើយន្តហោះចម្បាំងនោះ ហើយថាតើអ្នកបើកយន្តហោះ នៅមានជីវិតយ៉ាងណានោះ មិនត្រូវបានបញ្ជាក់នោះទេ។

មិន​ទាន់​មាន​អ្នក​ស្លាប់​ជាជន​ស៊ីវិល ​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ឡើយ​ទេ ខណៈ​យន្តហោះ​បាន​ធ្លាក់​នៅ​លើ​ភ្នំ ហើយក៏គ្មានគ្រាប់បែកត្រូវបានគេរាយការណ៍ថា បានបំពាក់នៅលើយន្តហោះចម្បាំងនោះទេ៕
ដោយ ឈូក បូរ៉ា

To Top