ព័ត៌មានអន្តរជាតិ

អាមេរិក និងរុស្សី បន្តស្ថិតនៅឆ្ងាយពីគ្នា ចំពោះបញ្ហាអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសរុស្សី និងអាមេរិក មកដល់ពេលនេះហាក់ដូចជា មិនបង្ហាញសញ្ញាជាវិជ្ជមាន ឬចន្លោះប្រហោងតូចឡើយ ចំពោះបញ្ហាអ៊ុយក្រែន និងចំពោះកិច្ចការងារពិភាក្សា សន្តិសុខនៅតំបន់អ៊ឺរ៉ុប។

ប្រភពដដែលបានសរសេរទៀតថា នៅក្នុងជំនួបគ្នាចុងក្រោយ រដ្ឋាភិបាលក្រុងមូស្គូគឺ នៅបន្តការទាមទារចំពោះចំណុច ជាច្រើនដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏តែងតែបានបញ្ជាក់ហើយថា នឹងមិនអាចទទួលបាននោះទេ។

រំលឹកដែរថា រុស្សីបានបង្កើនចំនួនកម្លាំង យោធាយ៉ាងច្រើនគំហ៊ុក នៅតាមបណ្តាយព្រំដែន ជាមួយនឹងប្រទេសអ៊ុយក្រែន ដែលវាបានធ្វើឲ្យបណ្តាប្រទេស លោកខាងលិច និងអាមេរិកផង បានសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសន្តិសុខរបស់អ៊ុយក្រែន និងការព្រួយបារម្ភថា រុស្សីនឹងអាចវាយប្រហារដោយ ប្រការណាមួយទៅលើ ប្រទេសជិតខាងគ្នានេះផងដែរ។

ទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងទីក្រុងកៀវ បានអះអាងថា យោធារបស់រុស្សីប្រមាណជាជាង ១០ម៉ឺននាក់ បានបង្ហាញវត្តមាន នៅក្នុងតំបន់ព្រំដែន ជាមួយនឹងអ៊ុយក្រែន ហើយត្រូវបានគេមើលឃើញដែរថា កងកម្លាំងយោធា បានរៀបចំក្នុងទំរង់ជា ការប្រយុទ្ធផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top