ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សារវាងណាតូ និងរុស្ស៊ី ត្រូវបានបញ្ចប់ ដោយគ្មានលទ្ធផល ច្បាស់លាស់ លើបញ្ហា អ៊ុយក្រែន និងសន្ដិសុខអឺរ៉ុប

ព្រុចសែល ៖ កិច្ចពិភាក្សា កាលពីថ្ងៃពុធរវាងតំណាង នៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) និងរុស្ស៊ី បានបញ្ចប់ដោយគ្មាន លទ្ធផលច្បាស់លាស់ ដោយអគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បានពណ៌នាអំពីភាពខុសគ្នា រវាងភាគីទាំងពីរថា “សំខាន់” និង “នឹងមិនងាយស្រួលលើចំណុចស្របគ្នាឡើយ” ។

លោក បាន ប្រាប់អ្នកកាសែត បន្ទាប់ ពីកិច្ចប្រជុំ៤ម៉ោង ថា “នេះ មិនមែនជាការ ពិភាក្សាងាយស្រួលនោះទេ ប៉ុន្តែនោះហើយជាមូលហេតុ ដែលកិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ។ យើងមានការផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរ និងដោយផ្ទាល់អំពីស្ថាន ភាពនៅក្នុង និងជុំវិញអ៊ុយក្រែន និងផលប៉ះពាល់សម្រាប់ សន្តិសុខអឺរ៉ុប ។ មានភាពខុសគ្នាខ្លាំង រវាងសម្ព័ន្ធមិត្តណាតូ និងរុស្ស៊ី ចំពោះបញ្ហាទាំងនេះ។ ភាពខុសគ្នារបស់យើង នឹង មិន ងាយ ស្រួល ក្នុង ការ ឈានដល់ភាពស្របគ្នានោះទេ” ។

លោក Stoltenberg បានលើកឡើងថា “សម្ព័ន្ធមិត្តណាតូ បានត្រៀមខ្លួន រួចជាស្រេច ដើម្បីជួបជាមួយរុស្ស៊ីម្តងទៀត ដើម្បីមានការពិភាក្សា លម្អិតបន្ថែមទៀត ដើម្បីដាក់សំណើជាក់ស្តែងនៅលើតុ និងស្វែងរកលទ្ធផលស្ថាបនា” ។

លោកបន្ដថា “យើងមើលឃើញយ៉ាងច្បាស់ អំពីបញ្ហាប្រឈម ដែលយើងប្រឈមមុខនៅពេលឥឡូវនេះ យើងអង្គុយ ជាមួយរុស្ស៊ី ហើយព្យាយាមស្វែង រកផ្លូវនយោបាយទៅមុខ ប៉ុន្តែកិច្ចប្រជុំមានប្រយោជន៍ ហើយខ្ញុំគិតថា ជាពិសេសនៅពេល ដែលភាពតានតឹងមានកម្រិតខ្ពស់ វារឹតតែសំខាន់ជាងនេះទៅទៀត” ។

នៅពេលសួរអំពីសំណើរបស់រុស្ស៊ី ដែលសុំឱ្យអ៊ុយក្រែន មិនចូលជាសមាជិកណាតូនោះ លោក Stoltenberg បានលើកឡើងថា “សម្ព័ន្ធមិត្តយល់ស្រប ទាំងស្រុងថា មានតែអ៊ុយក្រែន និងសម្ព័ន្ធមិត្តចំនួន ៣០ប៉ុណ្ណោះ ដែលអាចសម្រេចថាពេលណាអ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាសមាជិកណាតូ ។ គ្មាននរណាម្នាក់មានអ្វីត្រូវនិយាយ និងពិតណាស់ រុស្ស៊ី មិនមានវេតូ លើថា តើអ៊ុយក្រែន អាចក្លាយ ជាសមាជិកណាតូ នោះទេ”៕
ដោយ ឈូក បូរ៉ា

To Top