ព័ត៌មានអន្តរជាតិ

សារព័ត៌មាន ៖ កូរ៉េខាងជើង បានជំរុញឱ្យ ប្រជាជនខ្លួនឯង ផលិតជី ចេញពីលាមករបស់ពួកគេ និងស្នើឱ្យកសិករ បរិច្ចាគទឹកនោម ដើម្បីលាយបញ្ចូល ក្នុងជីកំប៉ុស

បរទេស ៖ ប្រទេសកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមបង្កើត “បរិយាកាសនៃការប្រកួតប្រជែង” ក្នុងចំណោម ប្រជាពលរដ្ឋ ដើម្បីផលិតជាជី ដែលផលិតដោយខ្លួនឯងបន្ថែមទៀត សម្រាប់ដាក់ស្រែ ។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។

កាសែតអនឡាញ Daily NK បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកំពុងជំរុញ ឱ្យពលរដ្ឋរបស់ខ្លួនប្រើប្រាស់ កាកសំណល់ផ្ទាល់ខ្លួនរបស់ពួកគេ (លាមក) ដើម្បីធ្វើជាជី ដើម្បីដោះស្រាយកង្វះខាតជី ពីប្រទេសចិន ។

ប្រភពនៅក្នុងខេត្ត Yanggang បានប្រាប់សារព័ត៌មានថា គណៈកម្មាធិការកណ្តាល បានបញ្ជាឱ្យទីផ្សារនានាក្នុងខេត្ត កាត់បន្ថយពេលវេលា ប្រតិបត្តិការ របស់ពួកគេត្រឹមមួយម៉ោង ៖ ជំនួសឱ្យការធ្វើការចាប់ពីម៉ោង 2:00 រសៀល ដល់ម៉ោង 5:00 ល្ងាច ដោយពួកគេនឹង ធ្វើការចាប់ពីម៉ោង 3:00 រសៀល ដល់ម៉ោង 5:00 ល្ងាច ដូច្នេះប្រជាពលរដ្ឋមានពេល 1 ម៉ោងទៀត ដើម្បីបំពេញបរិមាណ ក្នុងការធ្វើជីពីលាមក ។ របាយការណ៍បានអះអាងថា មានតែអ្នកដែលផលិត បានគ្រប់គ្រាន់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលទីផ្សារ ។

យោងតាមកាសែត Daily NK រោងចក្រ និងសហគ្រាសនានា ត្រូវបានបញ្ជាឱ្យផ្តល់ជីធ្វើពីលាមកចំនួន 500 គីឡូក្រាម ខណៈដែលអង្គភាព គ្រួសារត្រូវផ្តល់ 200 គីឡូក្រាម ក្នុងមួយគ្រួសារ នៅចន្លោះថ្ងៃទី 3 ខែធ្នូដល់ថ្ងៃទី 10 ខែមករា ។ ចំនួនទាំងនោះមានចំនួនច្រើន ជាងឆ្នាំមុន ហើយអ្នកដែល បរាជ័យត្រូវចំណាយ ប្រាក់សម្រាប់គីឡូ ដែលបាត់នីមួយៗ។

បន្ថែមពីលើនេះ របាយការណ៍បានលើកឡើងថា កសិករត្រូវបានស្នើសុំបរិច្ចាគទឹកនោម របស់ពួកគេដើម្បីលាយបញ្ចូល ក្នុងជីកំប៉ុស៕

ប្រែសម្រួលៈ ណៃ តុលា

To Top