“ស្នាមប្រឡាក់ ក្នុងការធ្វើពាក្យសន្យា ផ្នែកច្បាប់ របស់រដ្ឋាភិបាលអាមេរិក” “ទំព័រខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រ របស់មនុស្សជាតិ” ។ ល ។ ទន្ទឹមនឹងការជិតចូល មកដល់ នៃខួបទី២០ឆ្នាំ នៃការបង្កើតពន្ធធនាគារ Guantanamo របស់សហរដ្ឋអាមេរិក ស្នូរសម្រែកតវ៉ា ចំពោះគុកនេះបានលាន់ ឮខ្ទរខ្ទាជាប់មិនដាច់ ។ រយៈពេល២០ឆ្នាំ បានកន្លងផុតទៅហើយ សហរដ្ឋអាមេរិក មិនត្រឹមតែមិនបានបញ្ឈប់ទង្វើ ធ្វើទារុណកម្មទៅលើអ្នកទោសប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើត “បណ្តាញគុកងងឹត” នៅទូទាំងពិភពលោកទៀតផង ។ ដូចការធ្វើ អត្ថាធិប្បាយ របស់ទីភ្នាក់ងារសារព័ត៌មាន EFE នៃប្រទេសអេស្ប៉ាញថា ទង្វើរបស់ក្រុង វ៉ាស៊ីនតោន បានបំផ្លាញដល់ប្រព័ន្ធសិទ្ធិមនុស្ស អន្តរជាតិទាំងមូល ។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០០២ កងទ័ពអាមេរិក បានបង្កើតពន្ធធនាគារ នៅមូលដ្ឋានកងទ័ពជើងទឹកអាមេរិក នៅឈូងសមុទ្រ Guantanamo របស់គុយបា ដើម្បីឃុំឃាំងអ្នកជាប់សង្ស័យ ជាភេរវជន ដែលត្រូវចាប់ខ្លួន បន្ទាប់ពីកើតហេតុការណ៍ “ថ្ងៃ១១កញ្ញា” ។ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ តើក្នុងពន្ធធនាគារ Guantanamo បានឃុំមនុស្សណាខ្លះ បានប្រើប្រាស់មធ្យោបាយ សួរចម្លើយអ្វីខ្លះ និង ឃុំឃាំងយូរប៉ុន្មាន ភាគីអាមេរិក មិនដែលទម្លាយ ឱ្យអន្តរជាតិបានដឹងនោះទេ ។ ប៉ុន្តែ ក្រដាស មិនអាចខ្ចប់ភ្លើងបានទេ ។ រយៈពេល២០ឆ្នាំកន្លងមកនេះ រឿងអាស្រូវអំពីការ ធ្វើបាបអ្នកទោសក្នុង ពន្ធធនាគារGuantanamo បានត្រូវលាតត្រដាង ដោយប្រព័ន្ធសារព័ត៌មានឥតឈប់ឈរ ហើយត្រូវបានសហគមន៍ អន្តរជាតិ ថ្កោលទោសយ៉ាងខ្លាំង ។
ពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកជំនាញឯករាជ្យ ដែលចាត់តាំងឡើង ដោយក្រុមប្រឹក្សា សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានប្រកាសសេចក្តី ថ្លែងការណ៍ ដោយបានថ្កោលទោសថា ទង្វើរបស់សហរដ្ឋអាមេរិក ដែលចាប់ខ្លួននិងធ្វើទារុណកម្ម តាមទំនើងចិត្តដោយមិន បានឆ្លងកាត់ការជំនុំជម្រះ គឺជារឿងមិនអាចទទួលយកបាន ទាំងស្រុងបើនិយាយចំពោះរដ្ឋាភិបាលណាមួយ ជាពិសេស គឺរដ្ឋាភិបាលដែលអះអាងថា នឹងការពារសិទ្ធិមនុស្ស ។
ពន្ធធនាគារ Guantanamo គ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះ ។ កាលពីឆ្នាំ២០០៥ កាសែត 《The Washington Post 》 ក៏បានផ្សាយដំណឹងឱ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក CIA បានបង្កើតបណ្តាញគុកសម្ងាត់នៅអាស៊ីនិងអឺរ៉ុបខាងកើត ដែលពាក់ព័ន្ធនឹងថៃ អាហ្វកានីស្ថាននិងប្រទេស អឺរ៉ុបខាងកើតជាច្រើន ។ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ អ្នកផង ទាំងពួងមិនដែលឃើញ “គុកងងឹត”របស់អាមេរិក មានការរីកចម្រើនអ្វីសោះ ក្នុងវិស័យកែលម្អសិទ្ធិមនុស្ស ផ្ទុយទៅវិញ បែរជារកឃើញសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនបានរួមដៃគ្នាបង្កើត “គុកងងឹត”ដែលបំពានសិទ្ធិមនុស្ស កាន់តែច្រើនឡើងៗ ។ “គុកងងឹត”ទាំងនេះគឺជាការចំអកយ៉ាងខ្លាំង ចំពោះអ្វីដែលហៅថា “សិទ្ធិមនុស្ស”ដែលអ្នកនយោបាយអាមេរិក តែងតែអួតអាងនោះ ហើយបានលាតត្រដាង ពីការលាក់ពុតនិងសភាពអាក្រក់នៃ “សិទ្ធិមនុស្សបែបអាមេរិក”ផងដែរ ។
ចំពោះការថ្កោលទោស និងរិះគន់កាន់តែខ្លាំងឡើងៗ ពីសំណាក់សហគមន៍អន្តរជាតិ ភាគីអាមេរិក គួរតែពិនិត្យ កំហុសរបស់ខ្លួន ប្រញាប់បិទគុក Guantanamo និងគុក សម្ងាត់ដែលពាសពេញទូទាំងពិភពលោកភ្លាម ព្រមទាំងធ្វើការស៊ើបអង្កេត និងដេញដោល ពីទំនួលខុសត្រូវដោយគ្រប់ជ្រុងជ្រោយ ។ ក្នុងប្រវត្តិសាស្ត្រសិទ្ធិមនុស្សពិភពលោក “ទំព័រដ៏អាក្រក់ដែលបំពានសិទ្ធិមនុស្សតាមតែទំនើងចិត្ត ដែលសរសេរ ដោយសហរដ្ឋអាមេរិក ”នេះគួរតែបញ្ចប់ហើយ !