បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានធ្វើការហាមឃាត់ជើងហោះហើរ ពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ស្របពេលដែលខ្លួនប្រឹងប្រែង ធ្វើការទប់ស្កាត់ជម្ងឺកូវីដ១៩ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន និងការប្រកួតកីឡាអូឡាំពិកខាងមុខនេះ។

រដ្ឋាភិបាលរបស់សាធារណរដ្ឋ ប្រជាមានិតចិន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រម្សិលមិញនេះ ធ្វើបច្ចុប្បន្នភាពគោលការណ៍ហោះហើរ។ អាជ្ញាធរអាកាសចរណ៍ចិន នាពេលបច្ចុប្បន្ន កំពុងតែធ្វើការហាមឃាត់ ជើងហោះហើរ ដែលមកពីប្រទេសបារាំង ឥណ្ឌូនេស៊ី និងសហភាពអារ៉ាប់រួម។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា មហាអំណាចសេដ្ឋកិច្ចទីពីរក្នុងពិភពលោកនេះ មានជើងហោះហើរចូល ចំនួន១០.០០០ ក្នុងអំឡុងរយៈពេលនេះ នៅក្នុងឆ្នាំ២០១៩ ប៉ុន្តែឥឡូវនេះ កំពុងតែដំណើរប្រតិបត្តិការ ជាមួយជើងយន្តហោះតិចជាង ៥០០ គ្រោងទុកនៅក្នុងសប្ដាហ៍នេះ។
គួរបញ្ជាក់ថា ជើងហោះហើរពីទីក្រុង Dallas ទីក្រុង Detriot ទីក្រុង Seattle ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងទីក្រុងញូយ៉ក ទៅកាន់ទីក្រុងសៀងហៃ គឺត្រូវបានហាមឃាត់ ចំណែកជើងហោះហើរផ្សេងទៀត ដែលចូលទៅក្នុងទីក្រុងប៉េកាំង ទីក្រុង Shenzhen ទីក្រុង Xiamen និងទីក្រុង Guangzhou ក៏ត្រូវបានហាមផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង
