បរទេស៖ ប្រទេសប៉ាគីស្ថាន នាពេលថ្មីៗនេះ បានចេញគោលនយោបាយសន្តិសុខជាតិ ទូលំទូលាយដំបូង ដែលខ្លួននិយាយថា ផ្តោតសំខាន់លើសន្តិភាព ក្នុងតំបន់និងការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងសង្កត់ធ្ងន់ថា ខ្លួនចង់ឲ្យមានចំណងមិត្តភាព ប្រសើរឡើង ជាមួយសត្រូវជាយូររបស់ខ្លួន គឺប្រទេសឥណ្ឌា។
គោលនយោបាយសន្តិសុខជាតិ ដែលចំណាយពេល៧ឆ្នាំ ក្នុងការបង្កើតនេះ គឺជាមធ្យោបាយធ្វើចំណាត់ការ ជាទម្រង់ការងារដ៏ទូលំទូលាយមួយ ចង់ភ្ជាប់គ្នានូវគោលនយោបាយទាំងអស់ ក្នុងវិស័យផ្សេងគ្នា ហើយសន្តិសុខសេដ្ឋកិច្ច ត្រូវបានចុះបញ្ជីជាកំពូលអាទិភាព។
តាមសេចក្តីរាយការណ៍ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំមានទំនុកចិត្តថា ការអនុវត្តយ៉ាងមានប្រសិទ្ធភាព នូវគោលនយោបាយនេះ នឹងរួមចំណែកយ៉ាងធំធេង ដល់សន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសយើង។
គួរបញ្ជាក់ថា ក្រុមមន្ត្រីប៉ាគីស្ថាន បាននិយាយប្រាប់ថា សេចក្តីលម្អិតនៃគោលនយោបាយ ដែលបានត្រៀមរៀបចំឡើង ដោយនាយកដ្ឋានមួយ ដឹកនាំរួមគ្នាដោយថ្នាក់ដឹកនាំស៊ីវិល និងយោធានោះ នឹងនៅតែជារឿងសម្ងាត់នៅឡើយ៕ ប្រែសម្រួល៖ប៉ាង កុង