តូក្យូៈ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីការផ្ទុះភ្នំភ្លើងមុននេះនៅ Tonga (តុងហ្គា)។
ទីភ្នាក់ងារអាកាសធាតុបានព្រមានអំពីរលកយក្សស៊ូណាមិ នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសនេះ ហើយបានជំរុញឲ្យអ្នកស្រុកជម្លៀសចេញពីតំបន់មាត់សមុទ្រ ។
រលកយក្សស៊ូណាមិត្រូវបានបង្កឡើងបន្ទាប់ពីការផ្ទុះភ្នំភ្លើងក្រោមទឹកដ៏ធំនៅក្នុងប្រទេសកោះតុងហ្គា ខាងត្បូងប៉ាស៊ីហ្វិកកាលពីថ្ងៃសៅរ៍ ។
រហូតមកដល់ពេលនេះ ផ្នែកមួយនៃកោះ Amami បានឃើញរលកយក្សស៊ូណាមិកម្ពស់ប្រហែល១,២ម៉ែត្រ ខណៈដែលតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតជាច្រើនត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមិដែលមានកម្ពស់ពី០,៤ទៅ 0០,៦ម៉ែត្រ នេះបើយោងតាមទីភ្នាក់ងារ JMA ។
ទីភ្នាក់ងារនេះបានព្យាករណ៍ថា រលកយក្សស៊ូណាមិកម្ពស់៣ម៉ែត្រអាចវាយប្រហារលើកោះភាគនិរតីមួយចំនួនរបស់ប្រទេសជប៉ុនរួមទាំងកោះ Amami ខណៈដែលតំបន់ឆ្នេរប៉ាស៊ីហ្វិកផ្សេងទៀតទំនងជានឹងរងការវាយប្រហារដោយរលកយក្សស៊ូណាមិដែលមានកម្ពស់ប្រហែល១ម៉ែត្រ ។
បន្ទាប់ពីទីភ្នាក់ងារនេះបានចេញការព្រមាន និងប្រឹក្សាអំពីរលកយក្សស៊ូណាមិ រដ្ឋាភិបាលបានបង្កើតការិយាល័យទំនាក់ទំនងនៅការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា