ព័ត៌មានអន្តរជាតិ

វៀតណាម ៖ រយៈពេល៥ថ្ងៃ មានតែរថយន្តដឹកទំនិញ ៦០គ្រឿងប៉ុណ្ណោះ បានឆ្លងចូលទឹកដីចិន ខណៈរថយន្តជិត ១ពាន់គ្រឿងទៀត បន្តជាប់គាំង

ហាណូយ ៖ ខេត្តភាគខាងជើងប្រទេស វៀតណាម គឺខេត្ត Lào Cai និង ខេត្ត Quảng Ninh បានសម្រេចបញ្ឈប់ ជាបណ្តោះអាសន្ន ចំពោះរថយន្តដែលដឹកផ្លែ ឈើស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិន តាមរយៈការឆ្លងកាត់ច្រកព្រំដែន របស់ខេត្តខ្លួន ដោយសារការកកស្ទះ នៅតែជាបញ្ហា។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ខេត្ត Lào Cai នឹងផ្អាកការទទួល រថយន្តដឹកទំនិញនៅច្រកទ្វារ ព្រំដែនអន្តរជាតិ Kim Thanh , Gate No 2 ចាប់ពីថ្ងៃអង្គារ (១៨ មករា) រហូតដល់មានការជូនដំណឹងបន្ថែម។

នៅក្នុងសេចក្តីប្រកាស បន្ទាន់មួយដែលបានផ្ញើ ទៅកាន់តំបន់ទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ គណៈកម្មាធិការ ប្រជាជនខេត្ត Lào Cai បាននិយាយថា ខេត្ត Yunnan របស់ប្រទេសចិនបានបន្តការនាំចូលផ្លែឈើស្រស់ តាមរយៈច្រកទ្វារព្រំដែននេះ ចាប់តាំងពីថ្ងៃទី ១២ ខែមករា។ ប៉ុន្តែទោះបី ជាយ៉ាងណា ក៏ដោយ ដោយសារភាគីចិន កំពុងអនុវត្តវិធានការ ប្រឆាំងជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹងនោះ ការត្រួតពិនិត្យជំនិញ របស់គយ នៅច្រកចេញចូល សម្រាប់ផ្លែឈើស្រស់ នៅតែមានកម្រិតតិចតួច ព្រោះរថយន្តដឹកទំនិញ ដែលបានឆ្លងកាត់ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមករា មានតែ ៦០ គ្រឿងប៉ុណ្ណោះ ។

ចំណែករថយន្តជិត ១ ០០០ គ្រឿងដែលដឹកកសិផល រួមទាំងផ្លែស្រកានាគ ផ្លែស្វាយ ឪឡឹក និងខ្នុរកំពុងជាប់គាំងនៅច្រកព្រំដែនខេត្ត Lào Cai ច្រកព្រំដែន Kim Thanh ៕ប្រែសម្រួលៈ ណៃ តុលា

To Top