ព័ត៌មានអន្តរជាតិ

ត្រឹមរយៈពេល ១៧ថ្ងៃ កូរ៉េខាងជើង បាញ់មីស៊ីលរហូតដល់ ៤ដង, NSC របស់កូរ៉េខាងត្បូង ត្រឹមសម្តែង ការសោកស្ដាយខ្លាំង

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង (NSC) បានសម្តែង “ការសោកស្ដាយជាខ្លាំង” ចំពោះការសាកល្បងមីស៊ីលផ្លោង រយៈចម្ងាយជិត (SRBM) របស់កូរ៉េខាងជើងចំនួនពីរគ្រាប់ នៅថ្ងៃចន្ទ ប្រហែលមួយម៉ោងបន្ទាប់ពី ការបាញ់បង្ហោះចុងក្រោយបង្អស់ ត្រូវបានរកឃើញដោយ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS)។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការបាញ់បង្ហោះ SRBM ចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានកើតឡើង ខណៈពេលដែល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសអារ៉ាប់រួម។ លោក Moon កំពុងធ្វើដំណើររយៈពេល ៨ថ្ងៃនៅមជ្ឈិមបូព៌ាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមករា ដើម្បីបំពេញទស្សនកិច្ចនៅ UAE, អារ៉ាប៊ីសាអូឌីត និង អេហ្ស៊ីប។

យោងតាមការិយាល័យ ប្រធានាធិបតីបានឱ្យដឹងថា លោកប្រធានាធិបតី Moon បានបញ្ជាឱ្យក្រុមប្រឹក្សាសន្តិសុខជាតិ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាឱ្យមានការគ្រប់គ្រង ស្ថិរភាពនៃស្ថានភាពនេះ។

ការសាកល្បង SRBM ចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានកត់សម្គាល់នូវចំនួន មីស៊ីលទី៥ និងទី៦ ដែលត្រូវបានបាញ់ចេញ ក្នុងឆ្នាំថ្មីនេះ ដែលកើតឡើងក្នុងរយៈពេលត្រឹមតែ ១៣ថ្ងៃ នៃព្រឹត្តិការណ៍សាកល្បងបីលើកមុន។

NSC បាននិយាយនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា “NSC មានការពិភាក្សាស៊ីជម្រៅលើ ផ្ទៃខាងក្រោយស្ថានការណ៍ និងផលប៉ះពាល់នៃស្ថានភាព សោកសៅយ៉ាងខ្លាំងដែល កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៤ដងក្នុងឆ្នាំនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top