ព័ត៌មានអន្តរជាតិ

សំណើ ៤ ចំណុចដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន​ បានលើកឡើង ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក គឺជាការរួមចំណែកជា«ផែនការចិន»សម្រាប់ការអភិវឌ្ឍជាសកល ក្រោយពីបញ្ចប់ ជំងឺរាតត្បាតសកល

កិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបើកធ្វើនៅថ្ងៃទី ១៧ ខែមករានេះ ខណៈពិភពលោកទាំងមូល បាននិងកំពុងប្រឈម នឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ និងបម្រែបម្រួល និម្មាបនកម្ម ដ៏កម្រក្នុងរយៈពេលមួយសវត្សរ៍កន្លងមក ដែលបានបណ្តាល ឱ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ អស់រយៈពេលពីរឆ្នាំមកហើយ ។

តបតាមការអញ្ជើញ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន​ បានអញ្ជើញ ចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដែអូ ក្នុងវេទិកានេះ ដោយលើកឡើងសំណើ ៤ ចំណុច ៖ ទី១ ពួតដៃគ្នាធ្វើកិច្ច សហប្រតិបត្តិការ ប្រមូលផ្តុំកម្លាំងដើម្បីយកឈ្នះលើជំងឺឆ្លង ។ ទី២ លុបបំបាត់ហានិភ័យ គ្រប់ប្រភេទ ជំរុញការស្តារសេដ្ឋកិច្ច សកលឡើងវិញដោយនឹងនរ ។ ទី៣ ផ្លោះរំលងគម្លាតធំ ខាងការអភិវឌ្ឍ ស្តារការអភិវឌ្ឍជាសកលឡើងវិញ ។ ទី៤ លុបបំបាត់គំនិតសង្គ្រាមត្រជាក់ សម្រេចការរួមរស់នៅដោយសន្តិសហវិជ្ជមាន ផ្តល់ផលប្រយោជន៍ ដល់គ្នានិងឈ្នះ-ឈ្នះ ។

តាមរយៈការលើកឡើង នៃសំណើទាំងនេះ យើងអាចយល់ដឹងកាន់តែច្បាស់អំពីជំហរ របស់ប្រទេសចិន ដែលប្រកាន់ខ្ជាប់ពហុភាគីនិយម រួមគ្នាប្រឈមមុខ នឹងវិបត្តិរួម បង្រួញគម្លាត នៃការអភិវឌ្ឍរវាងប្រទេស ជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍ និងភាពសុខុមនីយកម្ម ដែលជាការចែករំលែកនូវ «ផែនការចិន»និងជា«តម្រិះចិន»សម្រាប់រួមចំណែក ដល់ការ អភិវឌ្ឍជាសកល ក៏ដូចជាការពួតដៃគ្នា ពុះពារឧបសគ្គ ដើម្បីដើរចេញផុតពីស្រមៅខ្មៅ នៃវិបត្តិផ្សេងៗ ពិសេសគឺវិបត្តិជំងឺរាតត្បាតសកល ដែលស្ថិតនៅចំពោះមុខ ។

តាំងពីសាធារណរដ្ឋ ប្រជាមានិតចិន ឬប្រទេសចិនថ្មីបានចាប់បដិសន្ធិមក ជំហានអភិវឌ្ឍន៍ របស់ចិន បានឈានទៅមុខជាលំដាប់ រហូតបានក្លាយ ជាក្បាល ម៉ាស៊ីនមួយ នៃសេដ្ឋកិច្ចពិភពលោក នា ពេលបច្ចុប្បន្ន ។ ក្បួនសម្ងាត់ នៃការដែលប្រទេសចិន អាចប្រែខ្លួនពី«កូនទូក»ទៅជា«នាវាយក្ស»បែបនេះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺការប្រកាន់ខ្ជាប់គោលបំណងដើមរបស់ខ្លួន ពោលគឺខិតខំអភិវឌ្ឍខ្លួនឯងនិងចែករំលែកនូវសមិទ្ធផលអភិវឌ្ឍន៍ របស់ខ្លួនជាមួយពិភពលោក ។

ជាក់ស្តែង មិនថានៅក្នុងកាលៈទេសៈណាក្តី ប្រទេសចិនរមែងតែង ចេញមុខគូសបញ្ជាក់ពីភាពចាំបាច់ នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលជាមូលដ្ឋានគ្រឹះនៃពហុភាគីនិយម ព្រមទាំងបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីឈាន ទៅរកការអនុវត្តជាក់ស្តែងនូវពហុភាគីនិយម ក្នុងនេះ គំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ» និងការចាត់ទុកវ៉ាក់សាំង ជាផលិតផលសាធារណៈបានរួមចំណែក មិនអាចខ្វះបានសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ។

ពិភពលោកបច្ចុប្បន្ន ជាពហុប៉ូលមួយ ដូច្នេះការខ្វែងគំនិត គឺជារឿងដែលមិនអាចចៀសវាងបាន ដូចសុភាសិតខ្មែរពោលថា«ចានមួយរាវ លែងអីរណ្តំគ្នា» ។ ដ្បិតអណ្តាតនិងធ្មេញ តែងប៉ះគ្នារាល់ថ្ងៃមែនពិត តែគង់ស្ថិតនៅជាមួយគ្នា ដោយមិនអាចខ្វះគ្នាបាន អាស្រ័យហេតុនេះ ពិភពលោកដែលមានពិពិធកម្ម និងពហុភាវូបនីយកម្មជាការវិវឌ្ឍតាមលំនាំ នៃក្រឹត្យក្រមធម្មជាតិដែលជានិន្នាការ រំកិលទៅតាមយុគសម័យ ។

យ៉ាងណាមិញ មានអ្នកជ្រោង ទង់ពហុភាគីនិយម ក៏មានអ្នកជ្រោងទង់ អញនិយមដែរ ។ បច្ចុប្បន្ន ទំនាស់ជាច្រើនតែងកើតចេញ ពីមហិច្ឆតា នយោបាយ ដែលអាត្មានិយម ដែលអ្វីៗគ្រប់យ៉ាង សុទ្ធតែបានក្លាយជាឧបករណ៍ របស់អ្នកនយោបាយដែលគ្មានគុណធម៌ សម្រាប់យកទៅវាយប្រហារអ្នកដទៃ ដើម្បីពង្រឹងអំណាច អនុត្តរភាពរបស់ខ្លួន ។ ល្បែងនយោបាយរបស់បុគ្គល មួយចំនួនបានបង្កភាព ល្អក់កករថែមទៀត ដល់ពិភពលោក ដែលកំពុងតែកើតមាន វិបត្តិសុខភាពសាធារណៈ សង្គមនិងសេដ្ឋកិច្ច ដែលពុំធ្លាប់មានពីមុនមក ។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បើទោះបីជាមានអ្នកដើររុកគួន ឆ្កឹះឆ្កៀល ញុះញង់បំបែកបំបាក់ ឬគំរាមកំហែងយ៉ាងណាក្តី ក៏មតិភាគច្រើនដាច់ខាតសុទ្ធតែឈរ នៅម្ខាងនៃភាពសច្ចយុត្តិធម៌ ដែលមានពហុភាគី និយមជាស្នូល ។ ចំណែកឯប្រទេសចិន ដែលជាតួអង្គសំខាន់មួយ នៃការគាំពារនិងលើកស្ទួយពហុភាគី និយមក៏បាន បញ្ចេញនូវ«ផែនការចិន»ជាបន្តបន្ទាប់ ដើម្បីនាំមកនូវជំនឿចិត្ត និងកម្លាំងចិត្ត សម្រាប់អ្នកប្រកាន់យកពហុភាគីនិយម នៅលើពិភពលោក ស្របតាមគំនិតផ្តួច ផ្តើម«អភិវឌ្ឍន៍សកល»ដែលលើកឡើង ដោយប្រមុខរដ្ឋចិន ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាអ្នកគាំពារពហុភាគី និយមយ៉ាងមុតមាំ ដោយសម្តេចធ្លាប់បានគូសរំលេច ជាច្រើនលើកច្រើនសាថា ពហុភាគីនិយមជាគ្រឹះនៃសន្តិភាព ស្ថិរភាពនិងវិបុលសុខសកល ។ ការពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់សាមគ្គីភាព ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគី និយមគឺជាគន្លឹះដ៏ចាំបាច់ ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចពិភពលោកនៅក្រោយពេលវិបត្តិជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ ។

ជារួម ពិភពលោក ត្រូវការបំផុត នូវពហុភាគីនិយមដើម្បីពួតដៃគ្នា ដើរឆ្លងវិបត្តិរួម មិនថាជំងឺកូវីដ-១៩ លើកនេះ ឬក៏វិបត្តិណាមួយ នាពេលអនាគតនោះឡើយ ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top