បរទេស៖ ទីក្រុងមូស្គូ នៅថ្ងៃអង្គារនេះ បានធ្វើការបដិសេធ មិនធ្វើកិច្ចពិភាក្សាគ្នាថ្មី ស្តីពីអ៊ុយក្រែន ប្រសិនបើលោកខាងលិច មិនឆ្លើយតប ចំពោះការទាមទារ របស់ខ្លួននោះទេ ចំណែករដ្ឋមន្ត្រី ការបរទេស អាមេរិក លោក Antony Blinkenត្រៀមធ្វើដំណើរទៅកាន់ទីក្រុងគៀវ ក្នុងដំណើរបង្ហាញពីការគាំទ្រ ស្របពេលមានការភ័យខ្លាច ពីការឈ្លានពានរបស់រុស្ស៊ី។
កងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ កំពុងតែប្រមូលផ្តុំគ្នានៅតាមព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន ធ្វើឲ្យទីក្រុងគៀវនិងលោកខាងលិច ចោទប្រកាន់ទីក្រុងមូស្គូ ពីបទត្រៀមរៀបចំធ្វើការវាយប្រហារដោយយោធាដ៏ធំមួយ ទៅលើប្រទេសអ៊ុយក្រែន ដែលគាំទ្រលោកខាងលិច។
កិច្ចពិភាក្សាគ្នាមួយសប្ដាហ៍ នៅក្នុងទីក្រុងហ្សឺណែវ ទីក្រុងព្រួចសែលនិងទីក្រុងវីយែន កាលពីសប្ដាហ៍មុន បានបរាជ័យក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយរុស្ស៊ីទទូចទាមទារឲ្យមានការធានាសន្តិសុខ ដែលរួមទាំងការហាមមិនឲ្យអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូជារៀងរហូតផងដែរ។
តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Sergei Lavrov បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា នឹងមិនមានការចរចាគ្នាថែមទៀតនោះទេ ដរាបណាលោកខាងលិចមិនផ្តល់ឲ្យប្រទេសរុស្ស៊ី នូវចម្លើយដ៏សមស្របមួយនោះ៕
ប្រែសម្រួល៖ប៉ាង កុង