វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានបន្ថែមករណី ឆ្លងជំងឺកូវីដ-១៩ ជាង ១លានករណីម្តងទៀត បន្ទាប់ពីបានបំបែក កំណត់ត្រាពិភពលោក នៃករណីប្រចាំថ្ងៃជាង ១,៣៦ លានករណី កាលពីដើមខែនេះ នេះបើយោងតាមទិន្នន័យចុងក្រោយ ពីសាកលវិទ្យាល័យ Johns Hopkins ។
ករណីថ្មីសរុបចំនួន ១,០៦០,៧៤៧ករណី និង ការស្លាប់ថ្មីចំនួន ១៨៩៦នាក់ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រទេសនេះបានកត់ត្រា កម្រិតខ្ពស់រហូតដល់ជាង ៥,៤លានករណី នៃជំងឺកូវីដ-១៩ ក្នុងសប្តាហ៍ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៦ ខែមករា ដែលជាចំនួន ករណីខ្ពស់ ប្រចាំសប្តាហ៍ ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាតនៅក្នុងប្រទេស នេះបើយោងតាមទិន្នន័យ របស់សាកលវិទ្យាល័យ Johns Hopkins ។
សហរដ្ឋអាមេរិក បានមើលឃើញពីការកើនឡើង នៃករណីឆ្លងជមងឺកូវីដ-១៩ ចាប់តាំងពីពាក់កណ្តាលខែធ្នូ ដោយសារទម្រង់ឆ្លងថ្មីប្រភេទអូមីក្រុង បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ។
ឥឡូវនេះប្រទេសនេះ គឺជាមធ្យមជិត ៧៥៥០០០ ករណី និងការស្លាប់ថ្មីជិត ១៧០០នាក់ ជារៀងរាល់ថ្ងៃ កើនឡើងយ៉ាងខ្លាំង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នេះបើយោងតាមទិន្នន័យចុងក្រោយ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។
ខណៈដែលករណីឆ្លង នៅទូទាំងប្រទេសនៅតែបន្តកើនឡើង ការកើនឡើង នៃករណីឆ្លងជំងឺកូវីដ-១៩ នៅទីក្រុងញូវយ៉ក ដែលត្រូវបានជំរុញ ដោយទម្រង់អូមីក្រុង ហាក់ដូចជាធ្លាក់ចុះយ៉ាងលឿន ដូចដែលវាបានកើនឡើង នេះបើយោងតាមរបាយការណ៍ របស់ ABC News ។
ការវិភាគរបស់ ABC News បានរកឃើញថា ការឆ្លងរាប់ម៉ឺននាក់ នៅតែត្រូវបានរាយការណ៍ នៅទីក្រុងញូវយ៉ក ជារៀងរាល់ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីករណីថ្មីបានកើនឡើង ២៦ដងក្នុងរយៈពេលត្រឹមតែមួយខែ ឥឡូវនេះពួកគេបានធ្លាក់ចុះចំនួន ៥៧ ភាគរយកាលពីសប្តាហ៍មុន ៕
ដោយ ឈូក បូរ៉ា