ព័ត៌មានអន្តរជាតិ

លោក Blinken ប្រារព្ធធ្វើកិច្ចពិភាក្សាជាមួយ សម័្ពន្ធមិត្ត ក្រោយលោក បៃដិន និយាយថាទំនងជា មានការវាយប្រហារ 

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយសម្ព័ន្ធមិត្តអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ ដោយព្យាយាមបង្ហាញពីការប្រឈមរួមគ្នា នៅមុនពេលកិច្ចពិភាក្សាគ្នាអំពីវិបត្តិចុងក្រោយជាមួយប្រទេសរុស្ស៊ី ដែលមានគោលបំណងទប់ស្កាត់ទីក្រុងមូស្គូមិនឲ្យវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។

តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ កំពុងតែធ្វើបេសកកម្មមួយដើម្បីទប់ស្កាត់សង្គ្រាម ដែលនឹងបញ្ចប់នៅថ្ងៃសុក្រ ដោយជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងទីក្រុងហ្សឺណែវ។ លោក Antony Blinken  កាលពីថ្ងៃពុធ បានធ្វើទស្សនកិច្ចប្រទេសអ៊ុយក្រែន ហើយនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បារាំងនិងអង់គ្លេស ក្នុងទីក្រុងប៊ែកឡាំង នាថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្តល់ការបង្ហាញដ៏ច្បាស់បំផុតថា លោកជឿថា ការវាយប្រហារទំនងជាមាន ដោយលោកពោលសំដៅដល់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីនថា “ការប៉ាន់ស្មានរបស់ខ្ញុំគឺថា គាត់នឹងបន្តទៅមុខ ហើយគាត់ត្រូវតែធ្វើរឿងខ្លះៗ”។

លោក បៃដិន និងមេដឹកនាំលោកខាងលិច បានគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ប្រសិនបើធ្វើការវាយប្រហារជាថ្មីលើអ៊ុយក្រែន។ ប្រទេសរុស្ស៊ី ដែលនាពេលបច្ចុប្បន្ន គឺកំពុងតែស្ថិតនៅក្រោមទណ្ឌកម្មរួចស្រាប់ទៅហើយ ចាប់តាំងពីការឈ្លានពានពីមុននោះ បានបដិសេធអំពីការគម្រាមកំហែង៕ប្រែសម្រួល៖ប៉ាង កុង


To Top