ព័ត៌មានអន្តរជាតិ

អាមេរិក-ជប៉ុន គូសបញ្ជាក់ពីការប្ដេជ្ញា រំសាយអាវុធនុយក្លេអ៊ែរ ទាំងស្រុង នៃឧបទ្វីបកូរ៉េ

សេអ៊ូល៖ សហរដ្ឋអាមេរិក និងជប៉ុន បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ដ ចំពោះការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ ដោយជំរុញឱ្យកូរ៉េខាងជើង ត្រឡប់ទៅសន្ធិសញ្ញាមិនរីកសាយភាយ (NPT) វិញយ៉ាងឆាប់រហ័ស។

ប្រទេស ទាំង នោះ ក៏ បាន ជំរុញ ឱ្យ ប្រទេស សមាជិក អង្គការសហប្រជាជាតិ ទាំងអស់ អនុវត្ត ទណ្ឌកម្ម របស់ ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ លើ កូរ៉េ ខាងជើង ឱ្យ បាន ពេញលេញ ផង ដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានឲ្យដឹងថា “យើងប្តេជ្ញាយ៉ាងមុតមាំ ចំពោះការរុះរើទាំងស្រុង ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់វិញបាននៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាវុធប្រល័យលោកផ្សេងទៀត និងមីស៊ីលផ្លោងចម្ងាយ ឆ្ងាយ ក៏ដូចជាកម្មវិធី និងមធ្យោបាយពាក់ព័ន្ធ ស្របតាមដំណោះស្រាយដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ (UNSCRs)”។

ប្រភពបានបន្ថែមថា “យើងជំរុញឱ្យកូរ៉េខាងជើង គោរពតាម UNSCRs ពាក់ព័ន្ធទាំងអស់ ហើយត្រលប់មកវិញនៅដំណាក់កាលដំបូង ដើម្បីគោរពយ៉ាងពេញលេញ នូវការការពារ NPT និង IAEA ។ យើងអំពាវនាវឱ្យសហគមន៍អន្តរជាតិ ទាំងមូល អនុវត្តឱ្យបានពេញលេញនូវទណ្ឌកម្ម UNSCRs ពាក់ព័ន្ធទាំងនេះ” ។

សេចក្តីថ្លែងការណ៍រួមរបស់អាមេរិក-ជប៉ុន ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានបង្ហើបពីការបន្ត ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយរបស់ខ្លួន។

ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា ខ្លួននឹងពិចារណាឡើងវិញនូវ “សកម្មភាពដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន” ដែលខ្លួនបានឲ្យដឹងថា ត្រូវបានផ្អាកជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងទំនុកចិត្ត ជាមួយសហរដ្ឋអាមេរិក៕

ដោយ ឈូក បូរ៉ា

To Top