បរទេស៖ ក្រុមហ៊ុនប្រេង Total Energies និង Chevron Corp ដែលជាដៃគូនៅក្នុងគម្រោងឧស្ម័នដ៏ធំមួយ ក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្រេចចិត្តដកខ្លួន ចេញពីប្រទេសនេះ ដោយលើកឡើងពីស្ថានភាព មនុស្សធម៌កាន់តែអាក្រក់ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Montri Rawanchaikul នាយកប្រតិបត្តិនៃក្រុមហ៊ុនមេ PTT Plc បាននិយាយថា ក្រុមហ៊ុន PTT Exploration and Production Plc របស់ប្រទេសថៃ ដែលកាន់កាប់ភាគហ៊ុន 25.5% នៅក្នុងការបណ្តាក់ទុនដែលដឹកនាំដោយ TotalEnergies កំពុង “ពិចារណាដោយប្រុងប្រយ័ត្ន” នូវទិសដៅរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការប្រកាសនេះ។
វាបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន PTTEP កំពុង “ដាក់សារៈសំខាន់បំផុតសម្រាប់ សន្តិសុខថាមពលទាំងប្រទេសថៃ និងមីយ៉ាន់ម៉ា” ។
សមាគមជំនួយសម្រាប់ អ្នកទោសនយោបាយ ដែលជាអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក បាននិយាយថា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សជាង 1 400 នាក់ និងចាប់ខ្លួនរាប់ពាន់នាក់ ដើម្បីព្យាយាមកំទេចការតស៊ូ ប៉ុន្តែ របបយោធាជំទាស់នឹងតួលេខនេះ។
ក្រុមហ៊ុន TotalEnergies និង Chevron រួមជាមួយនឹងក្រុមហ៊ុនផ្សេងទៀត រួមទាំងក្រុមហ៊ុន PTTEP គឺជាផ្នែកមួយនៃការបណ្តាក់ទុនរួមគ្នា ដែលដំណើរការគម្រោងឧស្ម័ន Yadana នៅឆ្នេរសមុទ្រភាគនិរតី នៃប្រទេសមីយ៉ាន់ម៉ា និងប្រព័ន្ធដឹកជញ្ជូន MGTC ដែលដឹកឧស្ម័នពីតំបន់ទៅកាន់មីយ៉ាន់ម៉ា និងព្រំដែនថៃ ៕
ប្រែសម្រួលៈ ណៃ តុលា