បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទីក្រុងមូស្គូក្នុងខែកុម្ភៈ ដើម្បីធ្វើកិច្ចពិភាក្សាគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃសៅរ៍នេះ។
ដំណើរទស្សនកិច្ចដែលគ្រោងទុកនេះ គឺធ្វើឡើងស្របពេលដែល មានភាពតានតឹងកើនឡើង រវាងប្រទេសរុស្ស៊ី និងប្រទេសលោកខាងលិច ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។ លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មិនបានបង្កើតឲ្យមានផ្លែផ្កា នៅក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាអ៊ុយក្រែន នាសប្ដាហ៍នេះនោះទេ ប៉ុន្តែបានព្រមព្រៀង បន្តធ្វើកិច្ចពិភាក្សាព្យាយាមដោះស្រាយវិបត្តិ ដែលបង្កឲ្យមានការភ័យខ្លាច ពីជម្លោះយោធា។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តីប្រភពមួយ ដែលនិយាយយ៉ាងដូច្នេះថា “រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានស្នើសុំឱកាសធ្វើដំណើរទស្សនកិច្ច ទៅទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាគ្នាជាមួយលោក Lavrov ហើយទីក្រុងមូស្គូបានយល់ព្រម សម្រាប់ដំណើរទស្សនកិច្ចនៅក្នុងខែកុម្ភៈនោះ”។
គួរបញ្ជាក់ថា ប្រទេសអង់គ្លេសនិងសម្ពន្ធមិត្តយោធា ណាតូរបស់ខ្លួន នាពេលថ្មីៗនេះ បានបង្ហាញក្តីព្រួយបារម្ភខ្លាំងក្លា ជុំវិញការប្រមូលផ្តុំយោធារបស់រុស្ស៊ី នៅតាមព្រំដែនជាប់ប្រទេសអ៊ុយក្រែន និងព្រមានរុស្ស៊ីអំពីផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើទីក្រុងមូស្គូ ឈ្លានពានអ៊ុយក្រែននោះ៕ ប្រែសម្រួល៖ប៉ាង កុង