បរទេស៖ ដោយមានកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ ឈរជើងប្រចាំការ នៅជិតប្រទេសអ៊ុយក្រែននោះ វិមានក្រឹមឡាំង បានបន្តធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តទាយអំពី ជំហានបន្ទាប់របស់ខ្លួន នៅក្នុងវិបត្តិសន្តិសុខដ៏អាក្រក់បំផុត ដែលកើតមានឡើង រវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងពីសង្គ្រាមត្រជាក់មក។
ស្របពេលមានការភ័យខ្លាចអំពីការវាយប្រហារ ក្នុងពេលខាងមុខឆាប់ៗ លើប្រទេសអ៊ុយក្រែននោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការបង្កើនការគាំទ្រ ដោយប្រកាសធ្វើសមយុទ្ធយោធាបន្ថែមទៀតនៅក្នុងតំបន់ ហើយវាក៏បានបដិសេធច្រានចោល ពីភាពអាចកើតមាន នៃការដាក់ពង្រាយយោធា ទៅកាន់តំបន់ការ៉ាប៊ីន ចំណែកប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការទាក់ទាងជាមួយមេដឹកនាំនានា ដែលប្រឆាំងនឹងលោកខាងលិច។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន abc News នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ការពង្រឹងសាច់ដុំយោធានេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវគោលបំណងដ៏ច្បាស់របស់វិមានក្រឹមឡាំង ក្នុងការបញ្ឈប់ការពង្រឹកវិសាលភាព ជាច្រើនទសវត្សរបស់អង្គការណាតូ ក្រោយចប់សង្គ្រាមត្រជាក់។
នៅក្នុងកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក រុស្ស៊ីទាមទារឲ្យមានការធានាស្របច្បាប់ថា សម្ពន្ធមិត្តយោធាណាតូ នឹងមិនអនុញ្ញាតឲ្យប្រទេសអ៊ុយក្រែន ឬក៏ប្រទេសជាអតីតសហភាពសូវៀតផ្សេងទៀត ចូលជាសមាជិកអង្គការសម្ពន្ធមិត្តយោធាណាតូ ឬក៏ដាក់អាវុធនៅទីនោះ ហើយរុស្ស៊ីក៏ចង់ឲ្យណាតូដកកងកម្លាំងខ្លួន ចេញពីប្រទេសនានានៅក្នុងតំបន់អឺរ៉ុបកណ្ដាល និងខាងកើត ដែលបានចូលរួមជាមួយសម្ពន្ធមិត្ត តាំងពីទសវត្សឆ្នាំ១៩៩០មក៕ ប្រែសម្រួល៖ប៉ាង កុង