កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានស្ថិរភាព បន្ទាប់ពីបានទទួលការព្យាបាលនៅវិទ្យាស្ថានជាតិរោគបេះដូង (IJN) កូនស្រីរបស់គាត់បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ។
លោកស្រី Marina Mahathir បានឲ្យដឹងថា ឪពុកអាយុ៩៦ឆ្នាំរបស់នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយបានទទួលការព្យាបាលរយៈពេល២ថ្ងៃបន្ទាប់ពីនីតិវិធីវេជ្ជសាស្រ្ត ជ្រើសរើសកាលពីដើមខែមករា ។
លោកស្រី Marina បានបញ្ជាក់ថា “Siti Hasmah Mohd Ali (ប្រពន្ធរបស់គាត់) និងក្រុមគ្រួសារសុំឱ្យប្រជាជនអធិស្ឋានឱ្យគាត់ឆាប់ជាសះស្បើយឡើងវិញ” ។
សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ បានចុះផ្សាយពីមន្ទីរពេទ្យ ខណៈដែលព័ត៌មានបានផ្សព្វផ្សាយថា សមាជិកសភា Langkawi ត្រូវបានបញ្ជូនទៅបន្ទប់ថែទាំអ្នកជំងឺសរសៃឈាមបេះដូង (CCU) របស់វិទ្យាស្ថាននេះ ។
នាយករដ្ឋមន្ត្រី Ismail Sabri ក៏បានទៅដល់វិទ្យាស្ថាន IJN កាលពីល្ងាចថ្ងៃសៅរ៍ ដែលជាកន្លែងលោកបានជួបជាមួយភរិយារបស់លោកបណ្ឌិត Mahathir គឺលោកស្រីវេជ្ជបណ្ឌិត Siti Hasmah ។
លោកបានថ្លែងនៅលើហ្វេសប៊ុកថា “ខ្ញុំសុំឱ្យប្រជាជនម៉ាឡេស៊ី ទាំងអស់ បួងសួងដល់ព្រះអាឡា សូមឱ្យលោក Tun Dr Mahathir ឆាប់ជា និងមានសុខភាពល្អឡើងវិញ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា