ព័ត៌មានអន្តរជាតិ

EU នឹងផ្តល់ជំនួយជាកញ្ចប់ ដែលមានទឹកប្រាក់រហូតដល់ ១,២ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន

ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា សហភាពអឺរ៉ុបហៅកាត់ (EU) មានបំណងជួយដល់ ប្រទេសអ៊ុយក្រែន ជាមួយនឹងកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ១,២ពាន់លានអឺរ៉ូ ស្មើនឹង ១,៦ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃជម្លោះជាមួយរុស្ស៊ី ដែលបានប្រមូលផ្តុំកងទ័ព និងសព្វាវុធធុនធ្ងន់នៅតាម ព្រំដែននៃប្រទេសអ៊ុយក្រែន ។ ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងយ៉ាងដូច្នេះ ។

លោកស្រី von der Leyen បានប្រាប់ដល់អ្នកយកព័ត៌មាន នៅទីក្រុងប្រ៊ុចស៊ែល នៅថ្ងៃចន្ទនេះថា “គណៈកម្មការស្នើកញ្ចប់ ជំនួយម៉ាក្រូហិរញ្ញវត្ថុបន្ទាន់ថ្មីចំនួន ១,២លានអឺរ៉ូ” ។
គេបានដឹងថា យោធារុស្ស៊ីប្រមាណ ១០០.០០០នាក់ កំពុងស្ថិតនៅជិតព្រំដែន នៃប្រទេសអ៊ុយក្រែន ខណៈដែលក្រុងម៉ូស្គូរង់ចាំ ការឆ្លើយតបជាលាយលក្ខណ៍អក្សរ ពីក្រុងវ៉ាស៊ីនតោន និងអង្គការ NATO ចំពោះការទាមទារសន្តិសុខរបស់ខ្លួន ។

ប្រទេសរុស្ស៊ី ចង់ឱ្យអង្គការ NATO ដកការសន្យារបស់ខ្លួនថា អ៊ុយក្រែនអាចចូលរួមសម្ព័ន្ធភាព នៅថ្ងៃណាមួយ ហើយដកទ័ព និងសព្វាវុធពីអតីតបណ្តាប្រទេស កុម្មុយនិស្តនៅអឺរ៉ុបខាងកើត ដែលបានចូលរួមជាមួយខ្លួន បានក្រោយសង្គ្រាមត្រជាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top