បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសអារ៉ាប់រួម (UAE) បាននិយាយមុននេះថា ប្រព័ន្ធការពារដែនអាកាស របស់ប្រទេសនេះ បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលផ្លោងចំនួនពីរ ដែលបាញ់ដោយក្រុមឧទ្ទាមហ៊ូធី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ចលនា Yemeni Ansar Allah (ហ៊ួធី) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានវាយប្រហារមូលដ្ឋានយោធា Al Dharfa ក្នុងទីក្រុង Abu Dhabi ជាកន្លែងដែលទាហានអាមេរិក ត្រូវបានដាក់ពង្រាយផងដែរ ជាមួយនឹងមីស៊ីលផ្លោង ដោយបន្ថែមថា ពួកគេត្រៀមខ្លួនជាស្រេច ក្នុងការពង្រីកប្រតិបត្តិការរបស់ ពួកគេប្រឆាំងនឹងប្រទេស អារ៉ាប់រួម។
លោក Yahya Sare’e អ្នកនាំពាក្យនៃចលនា ហ៊ួធី បានប្រាប់ទូរទស្សន៍ Almasirah ថា «មីស៊ីលផ្លោងដែលត្រូវបានបាញ់ ដោយកងកម្លាំងប្រដាប់អាវុធយេម៉ែន បានទៅដល់មូលដ្ឋានយោធា Al Dharfa របស់ អារ៉ាប់រួម ក្នុងទីក្រុង Abu Dhabi, យន្តហោះគ្មានមនុស្សបើក ក៏ត្រូវបានបាញ់នៅគោលដៅក្នុងទីក្រុង Dubai, Sharorah និងគោលដៅផ្សេងទៀត នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានបាញ់ទៅលើយន្តហោះ គ្មានមនុស្សបើកក្នុងអំឡុងពេលប្រតិបត្តិការ Yemen Storm-2 ។
កងកម្លាំងប្រដាប់អាវុធនៃ ប្រទេសយេម៉ែនបានត្រៀមខ្លួន រួចជាស្រេចដើម្បីពង្រីក ប្រតិបត្តិការប្រឆាំងនឹង UAE និងអារ៉ាប៊ីសាអូឌីត លើគោលការណ៍ “ការប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធ ដើម្បីឆ្លើយតបទៅនឹងការ ប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ”។ លោក Yahya Sare’e បន្ថែមថា យើងណែនាំក្រុមហ៊ុនបរទេស និងអ្នកវិនិយោគក្នុងលក្ខខណ្ឌទាំងនេះ ដើម្បីការពារខ្លួន និងចាកចេញពី អេមីរ៉ាតអារ៉ាប់រួម (UAE) ៕