វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានកត់ត្រា ករណីឆ្លងជំងឺកូវីដ-១៩ ជាង ៧០លានករណី និង មានអ្នកស្លាប់ចំនួន ៨៦៦០០០នាក់ នេះបើយោងតាមទិន្នន័យ ពេលវេលាជាក់ស្តែង ពីសាកលវិទ្យាល័យ Johns Hopkins ។
ទោះបីជាលោក Anthony Fauci អ្នកជំនាញជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងនាពេលថ្មីៗ នេះថា ករណីអូមីក្រុង ទូទាំងប្រទេសហាក់ ដូចជាមានកម្រិតកំពូល ការរិះគន់ និងការស៊ើបអង្កេត នៅតែបន្តកើនឡើងក្នុងស្រុក ពីវិស័យផ្សេងៗប្រឆាំង នឹងគោលនយោបាយ និងការសម្រេចចិត្ត របស់សហព័ន្ធទាក់ទងនឹង ជំងឺរាតត្បាត ។
កាសែត The New York Times កាលពីថ្ងៃអាទិត្យបានវាយប្រហារ ការបរាជ័យក្នុងវិស័យសំខាន់ៗចំនួន៣ ក្នុងអំឡុងពេលការប្រយុទ្ធនឹង ជំងឺរាតត្បាតឆ្នាំដំបូង របស់រដ្ឋបាលលោក បៃដិន ការមិនត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរយ៉ាងខ្លាំង ការខ្វះខាតការផ្តោតជានិរន្តរភាពលើការធ្វើតេស្ត និងការស្ទាក់ស្ទើររបស់ប្រធានាធិបតី ក្នុងការជំរុញវិធានការទប់ស្កាត់ ។
របាយ ការណ៍ បាន បន្ថែម ថា “រដ្ឋបាល មិន បាន ប្រមើល មើល ពី លក្ខណៈ និង ភាព ធ្ងន់ធ្ងរ នៃការប្រែប្រួល នោះទេ សូម្បីតែបន្ទាប់ ពីមានសញ្ញា ព្រមាន យ៉ាងច្បាស់ពីពិភពលោក ក៏ ដោយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ៕
ដោយ ឈូក បូរ៉ា