បរទេស៖ អតីតកីឡាករប្រដាល់ ទំងន់ធ្ងន់លោក Vitali Klischko និងបច្ចុប្បន្នជាអភិបាលក្រុង កៀវប្រទេសអ៊ុយក្រែន នៅថ្ងៃនេះបានធ្វើការលើកឡើងថា អាល្លឺម៉ង់គឺជាមិត្តក្បត់ម្នាក់ ពីព្រោះថាមិនត្រឹមតែបដិសេធ មិនព្រមលក់អាវុធឲ្យអ៊ុយក្រែននោះទេ គឺថែមទាំងរារាំងបណ្តាប្រទេសផ្សេងទៀត ក្នុងការនាំចូលអាវុធ ឲ្យអ៊ុយក្រែនទៀតផង។
លោក Vitali បានសរសេរបែបនេះថា វាគឺជារឿងដ៏លំបាកមួយ សម្រាប់អ៊ុយក្រែន ដើម្បីប្រឈមមុខទៅនឹងការពិតថា រដ្ឋាភិបាលសហព័ន្ធរបស់អាល្លឺម៉ង់ គឺនៅតែបន្តស្ថិតនៅក្រោយ និងគាំទ្រទៅលើប្រទេសរុស្សី នៅឡើយហើយបញ្ហាគឺដោយសារតែ បំពង់បង្ហូរហ្គាសដែលអាល្លឺម៉ង់ មិនអាចខ្វះរុស្សីបាន។
លោក Vitali បានបន្តអះអាងទៀតថា អាល្លឺម៉ង់មិនក្រៅតែពីបដិសេធ ក្នុងការផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន នោះទេហើយថែមទាំង រារាំងបណ្តារដ្ឋផ្សេងទៀត មិនឲ្យលក់អាវុធឲ្យរដ្ឋាភិបាលក្រុងកៀវទៀតផង ជាក់ស្តែងដូចជារដ្ឋាភិបាល នៃប្រទេសអេស្តូនីផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
