ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីលីបង់ ប្រកាសដកខ្លួនចេញ ពីនយោបាយ

បរទេស៖ អតីតនាយករដ្ឋមន្ត្រី នៃប្រទេសលីបង់ លោក Saad Hariri បានធ្វើការប្រកាស នៅថ្ងៃចន្ទសប្ដាហ៍នេះថា លោកនឹងដកខ្លួនចេញពីនយោបាយ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថា ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក Saad Hariri បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “ខ្ញុំមានជំនឿក្នុងចិត្តថា គ្មានទីទំនេរសម្រាប់ ឱកាសវិជ្ជមានណាមួយ ចំពោះប្រទេសលីបង់ទេ ដោយសារតែឥទ្ធិពលអ៊ីរ៉ង់ ភាពមិនច្បាស់លាស់របស់យើង ជាមួយសហគមន៍អន្តរជាតិ ការបែកបាក់ជាតិ និងបក្សពួកនិយម”។

លោកបានមានប្រសាសន៍ បន្តទៀតយ៉ាងដូច្នេះថា “ខ្ញុំនឹងផ្អាកការងារក្នុងជីវិតនយោបាយ ហើយគណបក្សចលនាអនាគត ក៏ដូចគ្នាដែរ ហើយខ្ញុំនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោត ទាំងគណបក្សចលនាអនាគត ក៏មិនដូចគ្នា”។

គួរបញ្ជាក់ថា លោក Hariri ដែលកាន់តំណែងជា មេគណបក្សចលនាអនាគត ក្រោយមានការធ្វើឃាតឪពុករបស់លោក នៅក្នុងឆ្នាំ២០០៥នោះ បានក្លាយជាអ្នកនយោបាយមួយរូប ក្នុងចំណោមអ្នកនយោបាយ ដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសលីបង់ ប៉ុន្តែការគាំទ្រចំពោះលោក បានថយចុះជុំវិញការរិះគន់ថា លោកមិនបានធ្វើឲ្យគ្រប់គ្រាន់ ក្នុងការកំណត់ដែនអំណាច របស់ពួកហេស័៍ប៊ូឡា ក្រុមសកម្មប្រយុទ្ធ និងគណបក្សនយោបាយ ដ៏មានឥទ្ធិពលមួយគាំទ្រដោយអ៊ីរ៉ង់ ឬក៏ការប្រយុទ្ធគ្នាធ្វើឲ្យមាន វិបត្តិសេដ្ឋកិច្ចខ្លាំងឡើង នៅក្នុងប្រទេសលីបង់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top