ព័ត៌មានអន្តរជាតិ

កាសែត JoongAng Ilbo៖ ចិន ប៉ុនប៉ងអន្តរាគមន៍ ទៅលើការបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូង

បរទេស៖ ស្ថានទូតចិនប្រចាំទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានបដិសេធចំពោះការចោទប្រកាន់ថា ប្រទេសចិនបានព្យាយាមជ្រៀតជ្រែក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី របស់ប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខ។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយទៅកាន់ អ្នកសារព័ត៌មានកូរ៉េកាលពីថ្ងៃចន្ទ ស្ថានទូតចិនបានសម្តែងការសោកស្តាយ ដែលកាសែត JoongAng Ilbo ចុះផ្សាយនៅថ្ងៃតែមួយ បានចោទប្រកាន់ប្រទេសចិនថា បានព្យាយាមធ្វើអន្តរាគមន៍ ក្នុងការបោះឆ្នោតប្រធានាធិបតី ដោយផ្អែកលើការកត់សម្គាល់ របស់មន្ត្រីចិនមួយចំនួន។

សេចក្តីប្រកាសព័ត៌មានបានអានថា «ប្រទេសចិនក៏ដូចប្រទេសជាច្រើនផ្សេងទៀត នៅក្នុងពិភពលោកដែរ កំពុងមើលការបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ុន្តែខ្លួនមិនដែលធ្វើអន្តរាគមន៍ នៅក្នុងការបោះឆ្នោតទេ ហើយនឹងមិនធ្វើបែបនេះឡើយ ។ ការប្រកាសរបស់ចិនអំពីជំហរ និងអំណះអំណាងរបស់ខ្លួន លើបញ្ហាដែលទាក់ទងនឹងប្រទេសចិន គឺសំដៅការពារផលប្រយោជន៍របស់ខ្លួន និងការអភិវឌ្ឍន៍រួម នៃទំនាក់ទំនងចិន-កូរ៉េ ហើយមិនមានជាប់ពាក់ព័ន្ធ នឹងអ្វីដែលគេហៅថា ការជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីកូរ៉េនោះទេ»។

ប្រតិកម្មរបស់ស្ថានទូតចិននេះ បានកើតឡើង ខណៈដែលសារព័ត៌មាន JoonAng Ilbo បានបោះពុម្ពអត្ថបទមួយ ដែលមានចំណងជើងថា “ការប៉ុនប៉ងរបស់ចិន ក្នុងការធ្វើអន្តរាគមន៍” ក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េ ដែលគួរឱ្យសោកស្ដាយ។ នៅក្នុងអត្ថបទដែលសរសេរ ដោយប្រធានអ្នកឆ្លើយឆ្លងព័ត៌មាន នៅទីក្រុងប៉េកាំង ដោយអ្នកកាសែតបានដកស្រង់សម្តី “មិនសមរម្យ” របស់អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកូរ៉េ លោក Qiu Guohong អំពីប្រទេសកូរ៉េ ក្នុងអំឡុងសន្និសីទសិក្សាអន្តរជាតិ ដែលធ្វើឡើងនៅថ្ងៃទី 20 ខែមករា៕ ប្រែសម្រួលៈ ណៃ តុលា

To Top