បាងកក៖ ក្រសួងសុខាភិបាលសាធារណៈថៃគ្រោងនឹងប្រកាសថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លងនៅចុងឆ្នាំនេះ ដោយប្រើលក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួន និងមាន ឬគ្មានការបញ្ជាក់ពីអង្គការសុខភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍។
លេខាធិការអចិន្ត្រៃយ៍សុខាភិបាលលោក Kiattiphum Wongrajit បានប្រកាសពីចេតនាបន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការជាតិជំងឺឆ្លងរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយគ្រោងនឹងប្រកាសថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លង នៅចុងឆ្នាំនេះ។
លោកវេជ្ជបណ្ឌិត Kiattiphum បានលើកឡើងថា គណៈកម្មាធិការគ្រោងនឹងប្រកាសការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមុនដំណាច់ឆ្នាំ លើលក្ខណៈវិនិច្ឆ័យ ដែលអាចទទួលយកបានតាមការសិក្សារបស់ខ្លួន។
លោកបានបានលើកឡើងថា លក្ខណៈវិនិច្ឆ័យគឺ – មិនលើសពី ១០០០០ករណីថ្មីក្នុងមួយថ្ងៃ អត្រាមរណភាពមិនលើសពី ០,១% ហើយជាង ៨០% នៃអ្នកដែលមានហានិភ័យបានទទួលវ៉ាក់សាំងចំនួនពីរដូស។
លោកវេជ្ជបណ្ឌិត Kiattiphum បានបន្ដថា ក្រសួងសុខាភិបាលសាធារណៈមានទស្សនៈថាជំងឺកូវីដ-១៩ បានរីករាលដាលជាងពីរឆ្នាំមកនេះ និន្នាការបង្ហាញថា ជំងឺនេះស្ថិតក្រោមការគ្រប់គ្រង ហើយឥឡូវនេះមិនធ្ងន់ធ្ងរពេកនោះទេ។
លោកបន្ថែមថា “ជាគោលការណ៍ ជំងឺអាចរីករាលដាល ប៉ុន្តែមិនធ្ងន់ធ្ងរ អត្រាស្លាប់អាចទទួលយកបាន។ វាអាចមានរលកនៃជំងឺ ប៉ុន្តែសំខាន់ មនុស្សត្រូវតែមានភាពស៊ាំគ្រប់គ្រាន់ មនុស្សត្រូវតែចាក់វ៉ាក់សាំង និងប្រព័ន្ធព្យាបាលប្រកបដោយប្រសិទ្ធភាព៕ដោយ ឈូក បូរ៉ា