បរទេស៖ ដោយទីក្រុងមូស្គូកំពុងសម្លឹងរកការចុះកិច្ចព្រមព្រៀងជាមួយអង្គការណាតូ លើការធានាសន្តិសុខនៅអឺរ៉ុប នោះ គឺសមាជិកប្លុក គឺប្រទេសប៉ូឡូញ បានបង្ហាញពីឆន្ទៈក្នុងការអនុញ្ញាតឱ្យអធិការរុស្ស៊ីចូលទៅក្នុងប្រទេសរបស់ខ្លួនដើម្បីពិនិត្យមើលកន្លែងការពារដែនអាកាសរបស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកាសែត Wall Street Journal ដែលបានដកស្រង់សម្តីមន្ត្រីប៉ូឡូញដែលមិនបញ្ចេញឈ្មោះ គឺរដ្ឋាភិបាលទីក្រុង Warsaw របស់ប៉ូឡូញ នឹងសុខចិត្តមកធ្វើកិច្ចព្រមព្រៀងទៅវិញទៅមកជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជាថ្នូរមកវិញ ដែលប៉ូឡូញចង់ឱ្យអធិការរបស់ខ្លួនត្រូវបានអនុញ្ញាតឱ្យត្រួតពិនិត្យទីតាំងមីស៊ីលនៅទីក្រុង Kaliningrad ។
គំនិតក្នុងការអនុញ្ញាតឱ្យជនជាតិរុស្ស៊ីចូលទៅក្នុងទីតាំងអាមេរិក នៅក្នុងប្រទេសប៉ូឡូញ ត្រូវបានស្នើឡើងដំបូងដោយទីក្រុងម៉ូស្គូ, នេះបើយោងតាមមន្ត្រីអាមេរិក។ វិមានក្រឹមឡាំងបានប្រឆាំងម្តងហើយម្តងទៀតនូវការដាក់មីស៊ីលបរទេស នៅលើទឹកដីអ៊ឺរ៉ុប ហើយបានស្នើថា ឧបករណ៍ការពារដែនអាកាសអាចត្រូវបានប្រើប្រាស់ ដើម្បីបាញ់ផ្លោងនៅលើទឹកដីរុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា