បរទេស៖ ប្រទេសកូរ៉េខាងជើងនិយាយថា ខ្លួនបានធ្វើតេស្តសាកល្បងបានយ៉ាងជោគជ័យ នូវមីស៊ីលយុទ្ធសាស្ត្រនាំផ្លូវ និងមីស៊ីលវាយប្រហារក្នុងចម្ងាយឆ្ងាយ ក្នុងការបាញ់តេស្តចំនួន២នៅក្នុងសប្ដាហ៍នេះ ក្នុងខណៈមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំពាវនាវឲ្យជំរុញបង្កើនកម្មវិធីអាវុធរបស់ប្រទេស ក្នុងអំឡុងធ្វើទស្សនកិច្ចរោងចក្រផលិតគ្រាប់។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ KCNA បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទីក្រុងព្យុងយ៉ាងបានបាញ់តេស្តមីស៊ីលយុទ្ធសាស្ត្រវាប្រហារពីដីទៅដីចំនួន២គ្រាប់ ដែលវាយប្រហារចំគោលដៅពេញៗ និងបានធ្វើការបញ្ជាក់ពីកម្លាំងផ្ទុះនៃក្បាលគ្រាប់ធម្មតា។
កាសែតកូរ៉េខាងជើងដដែលនេះ បាននិយាយប្រាប់ថា មីស៊ីលទាំងនោះ ហោះបានចម្ងាយប្រមាណ១.១២០ម៉ាយ ក្នុងរយៈពេល២ម៉ោងនិង៣២នាទី ហើយបានវាយប្រហារចំគោលដៅមួយនៅក្នុងសមុទ្រ ដែលស្ថិតនៅចន្លោះកូរ៉េនិងប្រទេសជប៉ុន។
គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលគឺត្រូវបានបាញ់ចេញពីទីតាំងតំបន់ឆ្នេរខាងកើត ហើយហោះបានចម្ងាយ១១៨ម៉ាយ ក្នុងរយៈកម្ពស់១២ម៉ាយ ហើយក្រោយមកអ្នកវិភាគធ្វើការកំណត់អត្តសញ្ញាណមីស៊ីលនោះថា មីស៊ីល KN-23 របស់កូរ៉េខាងជើង៕
ប្រែសម្រួល៖ប៉ាង កុង