ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី និងចិន ពិភាក្សាគ្នាពីសន្តិសុខអឺរ៉ុប ស្របពេលមានភាពតានតឹងអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីរុស្សី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងចំណាយពេលជាច្រើនធ្វើការពិភាក្សាគ្នា ស្តីពីសន្តិសុខនៅក្នុងតំបន់អឺរ៉ុបនិងការទាមទារ ដែលទីក្រុងមូស្គូបានធ្វើឡើងចំពោះលោកខាងលិច នៅពេលមេដឹកនាំទាំងពីរជួបពិភាក្សាគ្នានៅសប្ដាហ៍ក្រោយ នេះបើតាមការឲ្យដឹងពីវិមានក្រឹមឡាំងនៅថ្ងៃសុក្រនេះ។


លោកប្រធានាធិបតីរុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរមកប្រទេសចិន ដើម្បីចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារប៉េកាំង នៅថ្ងៃទី០៤ ខែកុម្ភៈ ស្របពេលមានការប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រទេសលោកខាងលិច ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។


កិច្ចពិភាក្សាគ្នារវាងមេដឹកនំាទាំងពីរនេះ នឹងត្រូវបានឃាំមើលដោយយកចិត្តទុកដាក់ នៅក្នុងទីក្រុងវ៉ាស៊ីនតោននិងទីផ្សេងទៀត សម្រាប់គន្លឹះទិសដៅនៃចំណងមិត្តភាពរវាងប្រទេសរុស្ស៊ីនិងប្រទេសចិន ដែលបានរីកចម្រើនកាន់តែជិតស្និទ្ធឡើង ស្របពេលដែលចំណងទាក់ទងរបស់ប្រទេសទាំងពីរ ជាមួយលោកខាងលិច កាន់តែធ្លាក់ចុះអន់ថយទៅ។


គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានប្រមូលផ្តុំកងកម្លាំងយោធារាប់ម៉ឺននាក់ នៅតាមព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន ក្នុងដំណើរបង្ហាញបង្អួតពីភាពរឹងមាំ ទន្ទឹមនឹងការជំរុញការទាមទារឲ្យមានការធានាសន្តិសុខ ពីសំណាក់សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តអាមេរិកនានា៕

ប្រែសម្រួល៖ប៉ាង កុង

To Top