ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Pfizer និង Moderna កំពុងបង្កើនការសាកល្បងវ៉ាក់សាំង ផ្ដោតសំខាន់លើការប្រឆាំងទម្រង់ឆ្លងអូមីក្រុង

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Pfizer និង Moderna កំពុងបង្កើនការសាកល្បងវ៉ាក់សាំង COVID-19 ដែលផ្តោតជាពិសេសទៅលើទម្រង់ឆ្លងអូមីក្រុង ព្រោះទម្រង់នេះ កំពុងឆ្លងខ្លាំងឥឡូវនេះមានចំនួន ៩៩,៩ភាគរយនៃការឆ្លងថ្មីនៅក្នុងសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Pfizer និងដៃគូរបស់ខ្លួន BioNTech បានប្រកាសកាលពីថ្ងៃអង្គារ អំពីការចាប់ផ្តើមនៃការសិក្សាព្យាបាល ចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អរហូតដល់ ១៤២០នាក់ដែលមានអាយុពី ១៨ ទៅ ៥៥ឆ្នាំ ដើម្បីវាយតម្លៃសុវត្ថិភាព ភាពអត់ធ្មត់ និងភាពស៊ាំនៃបេក្ខជនវ៉ាក់សាំងដែលមានមូលដ្ឋានលើមេរោគអូមីក្រុង។

ការសិក្សានេះនឹងមានក្រុមចំនួន៣ ដែលពិនិត្យមើលរបបផ្សេងៗគ្នានៃវ៉ាក់សាំង Pfizer-BioNTech បច្ចុប្បន្ន ឬវ៉ាក់សាំង ដែលមានមូលដ្ឋានប្រសិទ្ធភាពលើមេរោគអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

វ៉ាក់សាំងជាក់លាក់ផ្ដោតលើមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង នឹងត្រូវបានគ្រប់គ្រងជាកម្រិត ៣០មីក្រូក្រាម ដូចទៅនឹងវ៉ាក់សាំងបច្ចុប្បន្នដែរ។

លោក Kathrin U. Jansen អនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំងនៅ Pfizer បានលើកឡើងថា “ខណៈពេលដែលការស្រាវជ្រាវបច្ចុប្បន្ន និងទិន្នន័យក្នុងពិភពពិតបង្ហាញថា វ៉ាក់សាំងដូសជំរុញ បន្តផ្តល់នូវកម្រិតខ្ពស់នៃការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការសម្រាកនៅមន្ទីរពេទ្យជាមួយទម្រង់អូមីក្រុង យើងទទួលស្គាល់ពីតម្រូវការក្នុងការរៀបចំក្នុងករណីដែលការការពារនេះធ្លាក់ចុះតាមពេលវេលា និងដើម្បីជួយដោះស្រាយលើមេរោគអូមីក្រុង និងទម្រង់ឆ្លងថ្មីនាពេលអនាគត”៕

ដោយ ឈូក បូរ៉ា

To Top