ព័ត៌មានអន្តរជាតិ

ប្រេងឆៅ ដែលធ្លាយពីបំពង់ក្រោម ឈូងសមុទ្រថៃ ប៉ះពាល់ដល់តំបន់សមុទ្រ ៤៧គីឡូម៉ែត្រការ៉េ

បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយថា ប្រេងមួយចំនួន ដែលលេចធ្លាយចេញពីបំពង់បង្ហូរ ប្រេងក្រោមទឹក ក្នុងឈូងសមុទ្រថៃ បានបោកបក់មកលើឆ្នេរមួយ ក្នុងខេត្ត Rayong កាលពីល្ងាចថ្ងៃសុក្រ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កងនាវាចរថៃ ដែលកំពុងធ្វើការ ដើម្បីទប់ស្កាត់ការកំពប់ប្រេង នៅសមុទ្របាននិយាយថា វាអាចចំណាយពេលជាងមួយខែ ដើម្បីស្ដារតំបន់ឆ្នេរ ដែលរងផលប៉ះពាល់ បន្ទាប់ពីមានការលេចធ្លាយប្រេងប្រហែល ៥០ ០០០ លីត្រកាលពីយប់ថ្ងៃអង្គារ ។

ការលេចធ្លាយចេញពីបំពង់បង្ហូរប្រេង ដែលគ្រប់គ្រងដោយក្រុមហ៊ុន Star Petroleum Refining Plc (SPRC) បានចាប់ផ្តើម កាលពីល្ងាចថ្ងៃអង្គារ ហើយត្រូវបានគ្រប់គ្រងមួយថ្ងៃក្រោយមក បន្ទាប់ពីបានហូរចូលទៅក្នុងឈូងសមុទ្រថៃ ដែលមានចម្ងាយ ២០ គីឡូម៉ែត្រពីខេត្ត Rayong ។

រូបភាពពីផ្កាយរណប ពីទីភ្នាក់ងារ អភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្ររបស់រដ្ឋាភិបាល បានបង្ហាញថា ផ្ទៃដីទំហំ ៤៧ គីឡូម៉ែត្រការ៉េ នៃសមុទ្រត្រូវបានរង ផលប៉ះពាល់ មុនពេលដែលទឹករលក បានរសាត់ទៅឆ្នេរសមុទ្រ Rayong កាលពីថ្ងៃសុក្រ៕
ប្រែសម្រួលៈ ណៃ តុលា

To Top