បរទេស៖ មន្ទីរបញ្ចកោណ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ឲ្យបន្ធូយគោលជំហរយោធារបស់លោក ស្តីពីបញ្ហាអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។
នៅក្នុងសន្និសីទកាសែតមួយ ប្រធានអគ្គសេនាធិការ ចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងជំរុញលើកទឹកចិត្តយ៉ាងខ្លាំងក្លា ឲ្យប្រទេសរុស្ស៊ីបន្ថយគោលជំហរ និងចាប់យកសេចក្តីសម្រេច តាមរយៈកិច្ចការការទូត ហើយកងកម្លាំងប្រដាប់អាវុធ គួរតែជាមធ្យោបាយចុងក្រោយប៉ុណ្ណោះ។ នៅទីនេះ ភាពជោគជ័យ គឺតាមរយៈការពិភាក្សាគ្នា”។
លោកបាននិយាយប្រាប់ ដល់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រថា សហរដ្ឋអាមេរិកគ្មានបំណង បញ្ជូនកងទ័ពអាមេរិក ប្រឆាំងនឹងរុស្ស៊ីទេ ប៉ុន្តែលោកបន្តថា សហរដ្ឋអាមេរិកកំពុងតែបង្កើន ការត្រៀមលក្ខណៈ ក្នុងការឆ្លើយតប ចំពោះការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅជិតប្រទេសអ៊ុយក្រែន។
ចំណែករដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd Austin បានមានប្រសាសន៍ដូច្នេះថា “គ្មានហេតុផលដែលស្ថានភាពនេះ វិវត្តទៅជាជម្លោះនោះទេ។ លោក (ពូទីន) អាចជ្រើសបន្ថយភាពតានតឹង គឺលោកអាចបញ្ជាឲ្យ កងទ័ពលោកចាកចេញបាន”៕ ប្រែសម្រួល៖ប៉ាង កុង