កីឡា

ទោះបីជាមានបញ្ហាប្រឈម ប្រទេសចិន នឹងអាចរៀបចំ ការប្រកួតកីឡាអូឡាំពិក រដូវរងាឆ្នាំ២០២២ ដោយជោគជ័យ

ពិធីបើកជាផ្លូវការនៃការប្រកួត កីឡាអូឡាំពិក រដូវរងា លើកទី២៤ នឹងត្រូវប្រារព្ធធ្វើឡើង នៅថ្ងៃ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ នាទីក្រុងប៉េកាំង ប្រទេស ចិន។ 

ទីក្រុង ប៉េកាំង នឹងក្លាយជា ទីក្រុងដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើជា ម្ចាស់ផ្ទះ នៃការប្រកួត កីឡា អូឡាពិក រដូវក្ដៅនិងការប្រកួតកីឡាអូឡាំពិករដូវរងារ។  អត្តពលិក ប្រហែល ៣០០០ នាក់ មកពី ប្រទេសប្រហែល៩០ នឹងចូលរួមប្រកួត ប្រជែង លើវិញ្ញាសា កីឡា ១០៩ផ្សេងៗគ្នា ដែលនឹង ប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាពិភពលោកបែបនេះ ពិតជា នាំមក នូវ មោទកភាពជូនប្រទេសម្ចាស់ផ្ទះប៉ុន្តែទន្ទឹមនឹងនោះ វាក៏នាំមកនូវបន្ទុក និងបញ្ហាប្រឈមផងដែរ។ ការត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាដ៏ធំបែបនេះ ពិតជាមានលក្ខណៈស្មុគ្រស្មាញ និងទាមទារនូវធនធានសម្ភារៈបច្ចេកទេស ហិរញ្ញវត្ថុ និង ធនធានមនុស្ស ដ៏ច្រើនសន្ធឹកសន្ធាប់។ ដោយមានធនធានគ្រប់គ្រាន់ និងបទពិសោធន៍ ដែលទទួលបានពីការរៀបចំ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០០៨ ព្រមជាមួយ នឹងការប្ដេជ្ញាចិត្តដ៏មោះមុត ពីរដ្ឋាភិបាលចិន និងការគាំទ្រពេញទំហឹងពី សាធារណជនចិន រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា ប្រទេសចិនបានត្រៀមខ្លួន រួចរាល់បានយ៉ាងល្អ សម្រាប់ព្រឹត្តិការណ៍កីឡាពិភពលោកនេះ។ ក៏ប៉ុន្តែនៅពេលព្រឹត្តិការណ៍ប្រកួតកីឡានេះ ជិតចាប់ផ្ដើមយើងក៏ សង្កេតឃើញនូវការលេចឡើង នូវបញ្ហាប្រឈមថ្មីៗសម្រាប់ប្រទេសចិនផងដែរ។

ការលេចឡើងនូវមេរោគ កូវីដ-១៩ ប្រភេទថ្មី អូមីក្រុង ដែលបានរីករាលដាលនៅទូទាំងពិភពលោក កំពុងបង្កការគំរាមកំហែងជាថ្មី ដល់ការរៀបចំព្រឹត្តិការណ៍កីឡាពិភពលោកនេះ។ ក៏ប៉ុន្តែបទពិសោធន៍ ក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ នាពេលកន្លងទៅ និងអត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ ក្នុងចំណោមប្រជាជនចិន នឹងជួយប្រទេសចិនជំនះ បញ្ហាប្រឈមនេះ ដោយជោគជ័យ។

បញ្ហាប្រឈមចម្បងមួយទៀត សម្រាប់ចិន គឺការធ្វើនយោបាយតូបនីយកម្ម ព្រឹត្តិការណ៍ កីឡាពិភពលោកនេះ ដោយប្រទេសមួយចំនួនតូច។ នៅមុនពេលការប្រកួតកីឡា ពិភពលោកនេះចាប់ផ្ដើម សហរដ្ឋអាមេរិក បានដឹកនាំធ្វើយុទ្ធនាការ ពហិកាការទូតប្រឆាំង នឹងការរៀបចំការ ប្រកួត កីឡាអូឡាំពិករដូវរងា នៅក្នុងប្រទេសចិន ដោយបានប្រកាសថាខ្លួន នឹងមិនបញ្ជូនមន្ត្រីជាន់ខ្ពស់ ឬគណៈប្រតិភូ ផ្លូវការទៅចូលរួមនោះឡើយ។ សម្ព័ន្ធមិត្តមួយចំនួន របស់សហរដ្ឋអាមេរិក ដូចជាអង់គ្លេស កាណាដា អូស្រ្តាលី និងប្រទេសមួយចំនួនទៀត នៅទ្វីបអឺរ៉ុប ក៏បានប្រកាសចូលរួម ក្នុង ពហិកាការទូតនេះផងដែរ។ ស្ថានភាពសិទ្ធិមនុស្ស ជាពិសេសស្ថានភាពរបស់ជនជាតិវៃវូអឺ នៅខេត្តស៊ីនជាំង ត្រូវបានគេប្រើប្រាស់ធ្វើជា មូលហេតុគាំទ្រការធ្វើពហិកានេះ។   

ប៉ុន្តែប្រសិនបើយើងពិនិត្យមើល ឲ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ហេតុផលទាំងនោះ គ្រាន់តែជាលេស ដែលត្រូវយកមកប្រើប្រាស់ ដើម្បីសម្រេចគោលដៅ នយោបាយដ៏កខ្វក់ របស់ពួកគេតែប៉ុណ្ណោះ។ ប្រទេសចិន បានធ្វើការបកស្រាយ និងបង្ហាញថាស្ថានភាពរបស់ជនជាតិភាគតិចនៅក្នុង ខេត្តស៊ីនជាំង មានស្ថានភាព ល្អប្រសើរ ជាងពេលមុន យ៉ាងខ្លាំង ប៉ុន្តែប្រទេសទាំងនោះ  មិនបាន យកចិត្តទុកដាក់ស្ដាប់ ការពន្យល់ បកស្រាយ និង ពិនិត្យមើល ភស្តុតាងជាក់ស្ដែងនោះឡើយ ។

ជាងនេះទៅទៀត ប្រទេសមួយចំនួន ដែលអះអាងថា ខ្លួនធ្វើពហិកានេះ ដើម្បីកែលម្អស្ថានភាព សិទ្ធិមនុស្សនៅក្នុង ប្រទេស ចិនមិនទាន់បានលុបបំបាត់ បញ្ហា សិទ្ធិមនុស្ស នៅក្នុង ប្រទេស ខ្លួនឯងនៅឡើយ ដូចជាអំពើ ហិង្សា ពាក់ព័ន្ធនឹងអាវុធ ការរើសអើងប្រឆាំងជនជាតិស្បែកខ្មៅ ប្រឆាំង ជនអន្តោប្រវេសន៍ ឬប្រឆាំងជនភៀសខ្លួន ជាដើម។ និយាយដោយសង្ខេប ការប្រកួតប្រជែងនយោបាយ ពិភពលោក គឺជាមូលហេតុពិតប្រាកដ ដែលជំរុញឲ្យមានការធ្វើពហិកានេះ។ និយាយម្យ៉ាងទៀត សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មួយចំនួនរបស់ខ្លួន កំពុងប្រើប្រាស់ ព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិករដូវរងានេះ ធ្វើជាឧបករណ៍ ដើម្បីបង្អាក់ និងរាំងខ្ទប់ការរីកចម្រើន របស់ចិន ជាពិសេស ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់ចិន និងធ្វើឲ្យប្រទេសចិនឯកោ នៅលើឆាកអន្តរជាតិ។ តាមការពិតព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក គឺជាវេទិកា ដែលប្រជាជាតិ ទាំងអស់ចូលរួម ដើម្បីបុព្វហេតុ កីឡា សន្តិភាព មិត្តភាព និងសហគមន៍ រួមគ្នា ដោយមិនពាក់ព័ន្ធនិង ផលប្រយោជន៍ នយោបាយនោះឡើយ។

ហេតុដូច្នេះ ការធ្វើពហិកាក្នុងទម្រង់ណាមួយ ដោយសារ ហេតុផល នយោបាយ គឺជាការធ្វើនយោបាយតូបនីយកម្ម ព្រឹត្តិការណ៍កីឡា ពិភពលោកនេះ ដែលនឹងបង្ក ផលប៉ះ ពាល់ យ៉ាងធ្ងន់ធ្ងរទៅដល់ ស្មារតី នៃការប្រកួតកីឡា អូឡាំពិកនិងស្មារតីកីឡានៅក្នុងប្រទេសរបស់ពូកគេទៅវិញទេ។ ការប្រើប្រាស់ ព្រឹត្តិការណ៍កីឡា ដើម្បីផលប្រយោជន៍ នយោបាយបែបនេះ ហាក់ដូចជា ជួយឆ្លុះបង្ហាញបន្ថែមកាន់តែច្បាស់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់ខ្លួន មិនខ្លាចនឹង ប្រើប្រាស់មធ្យោបាយអ្វីក៏ដោយ ដើម្បីសម្រេចផលប្រយោជន៍ដ៏តូចចង្អៀតរបស់ខ្លួន។ 

ទោះជាយ៉ាងណាក៏ដោយ ការធ្វើពហិកាការទូតដែលមានលក្ខណៈត្រឹមតែនិមិត្តរូបបែបនេះ មិនអាច បំផ្លាញ ព្រឹត្តិការណ៍ នេះនោះឡើយ។ ខណៈពេលដែល សហរដ្ឋអាមេរិក បានប្រកាស ថា ខ្លួននឹង មិនបញ្ជូនមន្ត្រីឬគណៈប្រតិភូផ្លូវការ ទៅចូលរួម ក៏ប៉ុន្តែសហរដ្ឋអាមេរិក បានបញ្ជូន អត្តពលិក របស់ខ្លួនចំនួន២២៣នាក់ ទៅចួលរួម ប្រកួតប្រជែង នៅក្នុង ព្រឹត្តិការណ៍ កីឡា ពិភពលោកនេះ ដែលនេះគឺជាចំនួនច្រើនបំផុតក្នុងលំដាប់ទីពីរ បើធៀប ទៅនឹងចំនួន អត្តពលិក ច្រើនបំផុត ២២៨នាក់ ដែលអាមេរិកបានបញ្ជូន ទៅចូលរួមការប្រកួតកីឡា អូឡាំពិក រដូវរងា នៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា មានប្រទេស តែមួយចំនួនតូចប៉ុណ្ណោះដែលបានគាំទ្រនិងចូលរួមក្នុងការធ្វើពហិកានេះ ហើយនៅក្នុង ចំណោម ប្រទេសទាំងនោះ ប្រទេសមួយចំនួនបានលើកហេតុផលជំងឺកូវីដ-១៩ ថាជាមូលហេតុ ដែលធ្វើឲ្យពួកគេ មិនអាចបញ្ជូនមន្ត្រីផ្លូវការទៅចូលរួម ដោយពួកគេមិនបាន ប្រកាស ជាផ្លូវការ ថាពួកគេ កំពុងធ្វើ ពហិកានោះឡើយ។ តែផ្ទុយទៅវិញ ប្រទេស ជាច្រើនលើសលប់ បានគាំទ្រ ការរៀបចំ ការប្រកួត កីឡាអូឡាំពិករដូវរងានៅក្នុងប្រទេសចិន ហើយ សូម្បី តែ ប្រទេសធំៗ ជាច្រើន នៅទ្វីប អឺរ៉ុប ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជា បារាំង អ៊ីតាលី និង អេស្ប៉ាញ ជាដើម មិនបានចូលរួមក្នុងយុទ្ធនាការ ពហិកា ដែលដឹកនាំ ដោយអាមេរិក នោះឡើយ។ ប្រវត្តិសាស្រ្ត បានបង្ហាញថា ការប្រើប្រាស់ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ដើម្បីសម្រេច វត្ថុបំណង នយោបាយ ហាក់ដូចជា មិនសម្រេច ជោគជ័យ តាមបំណង ប្រាថ្នា នោះឡើយ។ នៅពេល ប្រទេសចិន ធ្វើជា ម្ចាស់ផ្ទះនៃការប្រកួត កីឡាអូឡាំពិករដូវក្ដៅកាលពី ឆ្នាំ២០០៨ បស្ចិមប្រទេសក៏ធ្លាប់ បើកយុទ្ធនាការ រិះគន់ វាយប្រហារ ប្រទេសចិនផងដែរ ក៏ប៉ុន្តែ យុទ្ធនាការ នោះ ពុំទទួលបានជោគជ័យ នោះឡើយ ដោយប្រទេសចិ ននៅតែអាចរៀបចំ ព្រឹត្តិការណ៍ ប្រកួត កីឡា អូឡាំពិករដូវក្ដៅនាពេលនោះ ដោយជោគជ័យយ៉ាងត្រចះត្រចង់៕

To Top