ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តព្រៃវែង និងបាត់ដំបង បានណែនាំក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា បន្តរក្សាសាមគ្គីភាព កុំមើលបំណាំ និងច្រណែនគ្នា ផ្ទុយទៅវិញ ត្រូវចេះជួយត្រេកអរ និងកែលម្អរគ្នា។ នេះបេី យោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ លើកទិសដៅឆ្នាំ២០២២ របស់ក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានអំណរគុណក្រុមការងារ យុវជនគណបក្សខេត្តព្រៃវែង សម្រាប់កិច្ចខិតខំប្រឹងប្រែងចូលរួមចំណែក ក្នុងការកសាងកម្លាំង យុវជនគណបក្ស និងការរួមចំណែកដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលជាការចូលរួមធ្វើឲ្យសម្រេច បាននូវកិច្ចការបំរើជាតិ និងប្រជាជន របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
សម្ដេច បន្ដថា ក្នុងនាមជាយុវជនគណបក្ស គឺត្រូវគោរពប្រតិបត្តិឲ្យបានល្អតាមរដ្ឋធម្មនុញ្ញ គោរពអនុវត្តឲ្យបាន នូវគោលនយោបាយគណបក្ស ជាមួយគ្នានេះ ត្រូវចេះក្ដាប់ឲ្យបាន នូវស្ថានការណ៍ប្រែប្រួលទាំងឡាយ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន។ សម្ដេច ថា យុវជនត្រូវតែមានការហាត់ពត់លត់ដំ ទាំងចំណេះដឹង និងសីលធម៌។
សម្ដេច បន្ថែមថា ការរៀនសូត្រក្នុងន័យ សម្រាប់ក្រុមយុវជនគណបក្ស គឺការរៀនសូត្រ អំពីជីវភាពប្រជាពលរដ្ឋ ដើម្បីដូសខាត់សមត្ថភាពឲ្យចេះដោះស្រាយ បញ្ហាប្រឈមទាំងឡាយ រួមទាំងការហ៊ានជំនះឧបសគ្គ ដើម្បីមានឱកាស ទទួលបានបទពិសោធន៍។ សម្ដេច ថា ការសិក្សារៀនសូត្រ ដែលលទ្ធផលចុងក្រោយបញ្ជាក់ អំពីកម្រិតតាមរយៈសញ្ញាបត្រ គឺជារឿងល្អប្រសើរមួយហើយ ក៏ប៉ុន្តែការប្រតិបត្តិជាក់ស្ដែង គឺជាកិច្ចការចំចាប់ដែលត្រូវតែដើរទន្ទឹមគ្នា។
សម្ដេច មានប្រសាសន៍ថា «ក្រុមការងារយុវជន គណបក្សបន្តខិតខំរក្សាសាមគ្គីភាព កុំមើលបំណាំ និងច្រណែនគ្នាផ្ទុយទៅវិញ ត្រូវចេះជួយត្រេកអរ និងកែលម្អរគ្នា។ សម្ដេចក៏បានផ្ដល់ទស្សនៈទានអំពីពាក្យ បញ្ចូល បញ្ចេះ បញ្ជា បញ្ជោ និងបញ្ចប់។ បញ្ចូលគឺអាចសំដៅដល់ការរៀបចំឲ្យចូលមកបំពេញភារកិច្ច បន្ទាប់មកបញ្ចេះគឺបង្រៀនអ្នកដែលចូលមកនោះ ឱ្យចេះបំពេញភារកិច្ច ចំណែកបញ្ជាគឺណែនាំឱ្យបំពេញភារកិច្ច ហើយបញ្ជោគឺការលើកទឹកចិត្ត ខណៈបញ្ចប់ គឺសំដៅដល់ការរៀបចំឱ្យចូលនិវត្តន៍ ឬដាក់វិន័យ បន្ទាប់ពីបញ្ចប់ភារកិច្ច ឬប្រសិនបើមានកំហុស»។
លើសពីនេះ សម្ដេច ស ខេង បានសង្ឃឹមជឿជាក់ថា ក្រុមការងារយុវជនគណបក្សខេត្ត នឹងខិតខំធ្វើឲ្យសម្រេចបាន នូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការងារបំរើជាតិ និងប្រជាជន ដែលសន្និបាតបានដាក់ចេញ៕