ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីដាណឺម៉ាក ថា មិនច្រានចោលការគាំទ្រផ្នែកយោធា ទៅឱ្យអ៊ុយក្រែនឡើយ ក្រោយពីបានផ្តល់ជំនួយ រាប់លានឱ្យប្រទេសនេះ

បរទេស៖ នៅមុននេះ ប្រទេសដាណឺម៉ាក បានរួមចំណែកដល់ការបញ្ជូន នាវាចម្បាំងទៅឱ្យកងកម្លាំងណាតូ រួមបញ្ចូលគ្នានៅសមុទ្របាល់ទិក និងយន្តហោះចម្បាំងទៅកាន់ បេសកកម្មប៉ូលីសអាកាស លើរដ្ឋបាល់ទិក ដោយបង្ហាញទាំងជំហានឃ្លាំមើល ការរារាំង និង “ការបញ្ជូនសញ្ញាទៅប្រទេសរុស្ស៊ី” ។ ថ្មីៗនេះ នាយករដ្ឋមន្ត្រីដាណឺម៉ាក ក៏បានគំរាមរុស្ស៊ីជាមួយនឹង ការដាក់ទណ្ឌកម្មនៃ “វិមាត្រមិនធ្លាប់មាន” ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត Jyllands-Posten បានរាយការណ៍ថា នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយថា លោកស្រីមិនច្រានចោលការគាំទ្រ អ៊ុយក្រែនដោយប្រើអាវុធ និងឧបករណ៍យោធា នោះទេ ក្នុងករណីដែលវិបត្តិកាន់តែកើនឡើង ដោយបន្ថែមថាលោកស្រីមិនមាន “ការប្រឆាំងជាគោលការណ៍” ក្នុងការធ្វើដូច្នេះទេ។

លោកស្រី Mette Frederiksen ក៏បានវាយតម្លៃថា “ស្ថានភាពនៅជុំវិញអ៊ុយក្រែនឥឡូវនេះ បង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់អឺរ៉ុប ហើយវាមានហានិភ័យពិតប្រាកដ នៃជម្លោះប្រដាប់អាវុធនៅលើដីអឺរ៉ុប” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top