ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ៖ ទាហានកុមាររបស់ឧទ្ទាម Houthi រាប់រយនាក់ បានស្លាប់ក្នុងសង្គ្រាមនៅយេម៉ែន

បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយថា កុមារជិត ១ ៥០០នាក់ ដែលត្រូវបានជ្រើសរើស ដោយក្រុមឧទ្ទាម Houthi នៅប្រទេស យេម៉ែន បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា ក្នុងឆ្នាំ២០២០ ហើយរាប់រយនាក់ទៀតនៅឆ្នាំបន្ទាប់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងរបាយការណ៍មួយ ផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អ្នកជំនាញបាននិយាយថា ពួកឧទ្ទាម Houthi នៅតែជ្រើសរើសកុមារ ដោយប្រើប្រាស់ជំរុំរដូវក្តៅ និងវិហារអ៊ីស្លាម ដើម្បីផ្សព្វផ្សាយមនោគមវិជ្ជារបស់ពួកគេ។

ពួកគេបានបន្ថែមថា ការវាយប្រហារតាមអាកាស ទៅលើក្រុមឧទ្ទាមដោយកងកម្លាំង ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅតែធ្វើឱ្យជនស៊ីវិល ជាច្រើននាក់បាត់បង់ជីវិត។

កុមារជាង ១០ ០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាម ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៥ ។ មនុស្សពេញវ័យរាប់ម៉ឺននាក់ ក៏បានបាត់បង់ជីវិតផងដែរ ដែលជាលទ្ធផលផ្ទាល់នៃការប្រយុទ្ធគ្នា ជាមួយនឹងមនុស្សរាប់លាននាក់ ត្រូវផ្លាស់ទីលំនៅ និង នៅគែមនៃគ្រោះទុរ្ភិក្ស។

នៅក្នុងរបាយការណ៍កម្រាស់ ៣០០ទំព័រ ក្រុមប្រឹក្សាបាននិយាយថា ខ្លួនបានទទួលបញ្ជីកុមារចំនួន ១ ៤០៦ នាក់ដែលត្រូវបានជ្រើសរើសដោយក្រុម Houthis ដែលបានស្លាប់នៅក្នុងសមរភូមិក្នុងឆ្នាំ ២០២០ និង ៥៦២នាក់ នៅចន្លោះខែមករា និងខែឧសភា ឆ្នាំបន្ទាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top