សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ថា លោក Joao Doria អភិបាលក្រុងសៅប៉ូឡូ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងតិច១៨នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅក្នុងរដ្ឋសៅប៉ូឡូ ប្រទេសប្រេស៊ីល ។
“ខ្ញុំកំពុងតាមដានដោយក្តីសោកសៅយ៉ាងខ្លាំង ចំពោះការខូចខាតដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ សាមគ្គីភាពរបស់ខ្ញុំគឺជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិនៃជនរងគ្រោះទាំង១៨នាក់។ យើងកំពុងធ្វើការលើការជួយសង្គ្រោះ ហើយខ្ញុំបានអនុញ្ញាតឱ្យបញ្ចេញធនធានដែលមានដើម្បីជួយអ្នករងគ្រោះ” ។ លោកបានថ្លែងនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថាយ៉ាងដូច្នេះ ។
ក្នុងចំណោមអ្នកស្លាប់ដោយសារខ្យល់ព្យុះ កាលពីចុងសប្តាហ៍នេះ មានមនុស្សពេញវ័យ១១នាក់ និងកុមារ៧នាក់ ខណៈដែលប្រហែល៥០០គ្រួសារ ត្រូវភៀសខ្លួនចេញពីផ្ទះ នេះបើយោងតាមអង្គភាពពន្លត់អគ្គីភ័យ នៅក្នុងតំបន់បានបញ្ជាក់ឲ្យដឹង ។
ការស្លាប់ត្រូវបានកត់ត្រានៅក្នុងក្រុង Francisco Morato, Franco da Rocha, Varzea Paulista, Aruja និង Embu das Artes ទាំងអស់នៅក្នុងតំបន់ទីប្រជុំជន នៃក្រុង Sao Paulo និងនៅក្នុងទីក្រុង Ribeirao Preto ។
ចំណែកនៅទីក្រុង Varzea Paulista ប្តីប្រពន្ធ១គូ និងកូន៣នាក់ របស់ពួកគេបានស្លាប់ រួមទាំងទារកអាយុ១ឆ្នាំផងដែរ នៅគ្រាដែលផ្ទះរបស់ពួកគេបានដួលរលំកាលពីព្រឹកថ្ងៃអាទិត្យ ៕
លើសពីនេះទៀត ទីក្រុង Franco da Rocha ត្រូវបានជន់លិចនៅគ្រាដែលទឹកទន្លេ Juquery និងទឹកហូរកាត់ក្រុង Ribeirao Eusebio ខណៈដែលនៅទីក្រុង Bauru ភ្លៀងបានជន់លិចដោយសារទឹកភ្លៀង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា